សហគមន៍ឥន្ទធនូកម្ពុជា ស្នើទៅប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស ហៅនាយក្រឹម ពិភាក្សា និងបំភ្លឺករណីរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា
- October 30, 2023
រាជធានីភ្នំពេញ៖ បន្ទាប់ពីផ្ទុះការជជែកវែកញែក ពេញបណ្ដាញសង្គមលើ លោក អ៊ូ បុណ្ណារ៉ាត់ ឬ លោកពូ ក្រឹម ដែលជាគណៈកម្មការ (judge) មួយរូប នៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣ បានបញ្ចេញមតិយោបល់មានលក្ខណៈរើសអើងបេក្ខជនមួយរូបដែលជាអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) ស្នើទៅឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួយអន្ដរាគមន៍ ឱ្យលោកពូ ក្រឹម ជួបពិភាក្សានិងធ្វើការបំភ្លឺលើមតិយោបល់របស់គាត់។

បើយោងតាមគណនីផេកហ្វេសប៊ុករបស់ សហគមន៍ឥន្ទធនូកម្ពុជា បានចេញសេចក្ដីថ្លែងថា៖ សូមគោរពស្នើសុំ ឯកឧត្តមទេសរដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍អញ្ជើញ លោក អ៊ូ ប៉ុណ្ណារ៉ាត់ ឬ លោកពូ ក្រឹម ដែលជាគណៈកម្មការ (judge) មួយរូបនៅក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី៣ ដើម្បីជជែក ពិភាក្សានិងបំភ្លឺចំពោះមតិយោបល់របស់គាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកស្រឡាញ់ភេទដូចគ្នា ។
អង្គការសហគមន៍ ឥន្ទធនូកម្ពុជា (រ៉ក់) បានទស្សនានូវវីដេអូនៃការប្រឡងរបស់បេក្ខជនមួយរូប នៅក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី៣ កាលពីរាត្រី ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ នៅលើទំព័រហ្វេសប៊ុករបស់ Cambodia’s Got Talent និងទូរទស្សន៍ហង្សមាស។ ក្នុងនោះដែរ លោកពូក្រឹមដែលជាគណៈកម្មការ (judge) មួយរូប បានបញ្ចេញមតិដែលមានលក្ខណៈរើសអើងនិងធ្វើឱ្យប៉ះពាល់សិទ្ធិនិងសេចក្ដីថ្លៃថ្នូររបស់បេក្ខជនរូបនោះផ្ទាល់ ក៏ដូចជាដល់បុគ្គលនិង សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជាដទៃទៀតផងដែរ។ ក្នុងនាមជាអង្គការធ្វើការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង គាំទ្រ និងការពារការគោរពសិទ្ធិ និងសេចក្តី ថ្លៃថ្នូររបស់អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា រួមមានស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ ទាំងពីរភេទ អ្នកប្តូរយេនឌ័រ និងអ្នកមិនកំណត់អត្តសញ្ញាណយេនឌ័រ (LGBTIQ) តែងតែគោរព និងកោតសរសើរ ចំពោះលោកពូក្រឹម ដែលជាសិល្បករកំប្លែងជើងចាស់មួយរូបដែលមានបទពិសោធន៍យូរឆ្នាំ និងបានធ្វើកិច្ចការងារជាច្រើន ដើម្បីលើកស្ទួយវិស័យសិល្បៈ និងជួយបង្កើតភាពកម្សាន្តរីករាយដល់សាធារណជន ប្រកបដោយទេពកោសល្យ សមត្ថភាព និងបទពិសោធន៍ល្អៗ។
សហគមន៍យើងខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានស្តាប់ និង ឃើញមតិយោបល់របស់លោកពូក្រឹម នៅក្នុងកម្មវិធីលំដាប់ពិភពលោកដែលចាក់ផ្សាយជាសាធារណៈនៅតាមប្រព័ន្ធ ផ្សព្វផ្សាយជាច្រើនដែលមានទស្សនិកជនគ្រប់វ័យទស្សនា។ យោបល់យល់ឃើញរបស់លោកពូក្រឹមអាចបង្កើតឱ្យមានការភាន់ច្រឡំដល់សាធារណមតិ ជំរុញការរើសអើង ប៉ះពាល់សេចក្ដីថ្លៃថ្នូរ ជាពិសេសសុខភាពផ្លូវចិត្តរបស់បុគ្គល និង សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាយ៉ាងធ្ងន់ធ្ងរ។
ដោយមានក្តីបារម្ភពីទំហំនៃផលប៉ះពាល់តាមរយៈពាក្យសម្តីរបស់សិល្បករ និងជាបុគ្គលសាធារណៈដូចជា លោកពូក្រឹម ចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា អង្គការសហគមន៍ឥន្ទធនូកម្ពុជា សូមគោរពស្នើសុំអន្តរាគមន៍ពី ឯកឧត្តមទេសរដ្ឋមន្ដ្រី ក្នុងនាមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស អប់រំផ្សព្វផ្សាយ និងអំពាវនាវឱ្យលុបបំបាត់នូវរាល់ទម្រង់នៃការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេស ឯកឧត្ដមទេសរដ្ឋមន្ត្រី រមែងផ្សព្វផ្សាយ នូវសារលើកទឹកចិត្ត ការគាំទ្រ និងសេចក្តីអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាអាណត្តិកន្លងទៅ ផ្ញើជូនដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ឪពុកម្ដាយ អាណាព្យាបាល សាច់ញាតិ និងសាធារណជនមិនឱ្យមានការរើសអើងចំពោះបងប្អូនកូនចៅដែលជាអ្នកស្រឡាញ់ភេទ ដូចគ្នាឡើយ។
សហគមន៍យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អន្តរាគមន៍របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី នឹងអាចជួយធ្វើយ៉ាងណា ឱ្យលោកពូក្រឹមមានឱកាសជជែកពិភាក្សា ស្វែងយល់ បង្កើនចំណេះដឹង ផ្លាស់ប្តូរឥរិយាបថ អាកប្បកិរិយា និងផ្នត់គំនិត ហើយនឹងអាចក្លាយជាអ្នកគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។ យើងខ្ញុំរីករាយនឹងធ្វើការសហការជាមួយលោកពូ ក្រឹម ក៏ដូចជាសិល្បករ សិល្បការិនី ប្រព័ន្ធផ្សព្វផ្សាយ រាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីកសាង និងពង្រឹងសង្គមកម្ពុជាដែលពោរពេញដោយការគោរពនូវសិទ្ធិ និង សេចក្ដីថ្លៃថ្នូររបស់បុគ្គលគ្រប់រូប រាប់បញ្ចូលទាំងប្រជាពលរដ្ឋដែលស្រឡាញ់ភេទដូចគ្នា ហើយអាចរួមរស់នៅជាមួយគ្នាប្រកបដោយសាមគ្គីភាព និងភាព សុខដុម និងមានសុខុមាលភាពសង្គម ព្រមទាំងជួយអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យមានភាពរីកចម្រើនជឿនលឿន យ៉ាងផុសផុលឥតឈប់ឈរ ដោយពុំទុកនរណាម្នាក់ចោលឡើយ ៕





ប្រភព៖ សហគមន៍ឥន្ទធនូកម្ពុជា Rainbow Community Kampuchea-rock
- Share This Post:






