ព័ត៌មានជាតិ

កៀកថ្ងៃប្រឡង! មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ផ្ដាំផ្ញើដល់សិស្សានុសិស្សចំនួន ៣ចំណុច ដែលត្រូវប្រឡងបាក់ឌុប ឆ្នាំ២០២៣នេះ

BY
Khmernote Media
October 30, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ បានផ្ដាំផ្ញើដល់សិស្សានុសិស្សដែលត្រូវប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ ចំនួន៣ចំណុច ដើម្បីជាសារពញ្ញាក់ស្មារតី និងបានត្រៀមទុកជាមុនសំរាប់ការប្រឡង។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គនាយករងរដ្ឋបាល និង ហិរញ្ញវត្ថុ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ក្រសួងអប់រំ បានបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ដើម្បីបន្តលើកកម្ពស់គុណភាពប្រឡងបាក់ឌុប ជូនសិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ។ លោកជំទាវបណ្ឌិត សូមលើកទឹកចិត្ត ក៏ដូចជាសូម ផ្ដាំផ្ញើដល់សិស្សានុសិស្សដែលត្រូវប្រឡងបាក់ឌុបនៅថ្ងៃទី០៦-ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ រួមមាន៖

ទី១. សូមយកចិត្តទុកដាក់ចំពោះសុខភាព ញ៉ាំអាហារឱ្យបានគ្រប់គ្រាន់ អាហារដែលមានប្រយោជន៍សម្រាប់ សុខភាព កុំចូលគេងយប់ជ្រៅ និងកុំធ្វើដំណើរទៅណាឆ្ងាយ ធ្វើយ៉ាងណាឱ្យមានសុខភាពល្អ និងមាន សមាធិនៅក្នុងការប្រឡង ដើម្បីទទួលបានលទ្ធផលល្អ។

ទី២. ត្រូវតាមដានព័ត៌មានឱ្យជាប់ជាប្រចាំ មើលឈ្មោះ លេខរៀង មណ្ឌលប្រឡងឱ្យបានច្បាស់ ដើម្បីចៀសវាងការភាន់ច្រឡំ ខាតពេលវេលា។ « សូមឱ្យបងប្អូនបេក្ខជនទាំងអស់តាមដានព័ត៌មានដែលមានផ្សព្វផ្សាយជាប្រចាំ ដែលមាននៅ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលអាចធ្វើឱ្យបេក្ខជនទាំងអស់ តាមដានដឹងអំពីព័ត៌មានលម្អិតទាក់ទងទៅនឹងការប្រឡង អ្វីដែលក្រសួងអនុញ្ញាតនៅក្នុងអំឡុងពេល ប្រឡង អ្វីដែលមិនអនុញ្ញាត ក៏ដូចជាដើម្បីឱ្យគាត់អាចដឹងព័ត៌មានថា តើពេលណាក្រសួងនឹងធ្វើការ បិទឈ្មោះបេក្ខជនជាលើកទី១ ពេលណាបិទជាលើកទី ២ ដើម្បីឱ្យគាត់អាចមើល ដើម្បីបញ្ជាក់អំពីភាព ជាបេក្ខជនរបស់គាត់នៅក្នុងការប្រឡង ក៏ដូចជាអាចដឹងច្បាស់ថា តើមណ្ឌលប្រឡងរបស់គាត់នៅឯណា បន្ទប់ប្រឡងនៅឯណា? ចៀសវាងថ្ងៃដល់ថ្ងៃប្រឡងគាត់ភ័យព្រួយបារម្ភធ្វើឱ្យគាត់អាចមកយឺត ឬក៏រក បន្ទប់មិនឃើញជាដើម»។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមទៀតថា ចំណុចទី៣. សូមឱ្យបេក្ខជនទាំងអស់ត្រៀមលក្ខណៈនៅក្នុងការប្រឡងឱ្យបានល្អ ដោយចំណាយពេលដែលនៅសេស សល់នេះ ដើម្បីរំលឹកមេរៀន ក៏ដូចជាហ្វឹកហាត់នៅក្នុងការឆ្លើយ និងស្វែងយល់អំពីវិញ្ញាសាចាស់ៗ ជាគន្លឹះ នៅក្នុងការធ្វើឱ្យការប្រឡងកាន់តែទទួលជោគជ័យនៅក្នុងពេលអនាគត។

សូមជម្រាបថា ក្រសួងអប់រំនឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡងបាក់ឌុបនៅតាមរាជធានី-ខេត្តចំនួនពីរ ដង គឺលើកទី១ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដើម្បីឱ្យបេក្ខជន បានពិនិត្យ និងរកមើលឈ្មោះតាម មណ្ឌលប្រឡង និងលើកទី២ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីពិនិត្យមើល និងបញ្ជាក់ម្តងទៀតអំពី មណ្ឌលប្រឡង លេខបន្ទប់ និងលេខតុ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: