ព័ត៌មានជាតិ

ក្មេងទំនើង ២ក្រុម ដែលវាយប្រតប់គ្នានៅកន្លែងប្រគំតន្ត្រី អបអសាទរពិធីប្រណាំងទូក «ង» នៅក្រុងស្ទឹងសែន ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ធំឃាត់ខ្លួន

BY
Khmernote Media
October 31, 2023

ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កម្លាំងនគរបាលខេត្តកំពង់ធំ បានឃាត់ខ្លួនក្មេងទំនើង ០២ក្រុម ដែលធ្វើសកម្មភាពបង្កឲ្យបាត់បង់សន្តិសុខ សណ្តាប់ធ្នាប់ កន្លែងប្រគំតន្ត្រី អបអសាទរពិធីប្រណាំងទូក «ង» នៅក្រុងស្ទឹងសែន នាយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

លោកវរសេនីយ៍ឯក ឃួន ងួន ស្នងការរងជំនួយការដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានថ្លែងឲ្យដឹងថា ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២៣និង៣០នាទី នៅចំណុចទីកន្លែងប្រគំតន្ត្រីស្រាបៀរគ្រុឌ ស្ថិតក្នុងសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណី ហិង្សាដោយចេតនា។ ភ្លាមៗនោះ បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់។

ករណីខាងលើនេះ មន្ត្រីនគរបាលជំនាញ កំពុងធ្វើការសាកសួរជនសង្ស័យ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Share This Post: