អន្តរជាតិ

ថៃសម្រេចលើកលែងទិដ្ឋការដល់ពលរដ្ឋឥណ្ឌានិងតៃវ៉ាន់ ដើម្បីជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ

BY
Pheakdey
October 31, 2023

ថៃ៖ ប្រទេសថៃបានស​ម្រេចលើកលែងទិដ្ឋការសម្រាប់ពលរដ្ឋឥណ្ឌានិងពលរដ្ឋតៃវ៉ាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកកំសាន្តក្នុងប្រទេសខ្លួនឲ្យបានកាន់តែច្រើន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ​ ទី៣១ ខែតុលានេះ។​ វិធានការលើកលែងទិដ្ឋការនេះនឹងផ្តើមមានសុពលភាពចាប់ពីខែវិច្ឆិកានេះរហូតដល់ខែឧសភាឆ្នាំ ២០២៤ ខណៈរយៈពេលនៃការលើកលែងទិដ្ឋការគឺមានរយៈពេល ៣០ថ្ងៃសម្រាប់ការមកស្នាក់នៅក្នុងប្រទេសថៃម្តង។

ប្រភពខាងលើបានបន្តថា ឥណ្ឌាបានក្លាយជាទីផ្សារទេសចរណ៍ធំលំដាប់ទី ៤សម្រាប់ប្រទេសថៃ ដោយកាលពីឆ្នាំកន្លងទៅមានពលរដ្ឋឥណ្ឌាប្រមាណជា ១,២លាននាក់បានទៅកំសាន្តនៅក្នុងប្រទេសថៃ ខណៈថៃបានដាក់ចេញគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបានចំនួន ២៨លាននាក់ក្នុងឆ្នាំ ២០២៣នេះ។ គួររមឹ្លកជូនថា នាពេលកន្លងប្រទេសថៃក៏បានសម្រេចលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនផងដែរ ហើយបើគិតចាប់តាំងពីខែមករារហូតមកដល់ចុងខែតុលា ឆ្នាំ២០២៣ននេះ វិធានការលើកលែងទិដ្ឋការសម្រាប់ពលរដ្ឋចិនបានទាក់ទាញឲ្យមានភ្ញៀវទេសចរចិនចំនួន ២២លាននាក់មកកំសាន្តនៅក្នុងប្រទេសថៃនិងបានបង្កើតប្រាក់ចំណូលសម្រាប់ថៃចំនួន ៩២៧,៥ពាន់លានបាតផងដែរ (ជាង ២៥,៧ពាន់លានដុល្លារអាមេរិក)៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: