ព័ត៌មានជាតិ

ប្រជាពលរដ្ឋនៅខណ្ឌមានជ័យ ស្នើឱ្យអាជ្ញាធរជួយរឹតបន្ដឹងអ្នកដើររើសអេតចាយពេលយប់ ធ្វើលូបង្ហូរទឹកសំអុយ និងពន្លឿនផ្ដល់ប្លង់រឹងកម្មសិទ្ធិដី

BY
Khmernote Media
November 2, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌមានជ័យ ជិត២០នាក់បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយពីទុក្ខកង្វល់របស់ពួគគាត់ មានទាំងការសុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំដាក់លូ ធ្វើផ្លូវ ការសុំរឹតបន្តឹង អ្នករើសអេតចាយ ពេលយប់ ដោះស្រាយការលិចលង់ភូមិដ្ឋាន ការសុំបើកក្លឹបប្រដាល់ ជាមួយនិងការសុំសំអាតបន្ទប់អនាម័យនៅតាមសា លារៀនរដ្ឋជាដើម។

ការលើកឡើងជាសំណើ និងសំណូមពរ ខាងលើនេះបានធ្វើឡើង នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា រាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៏៤រោច ខែ អស្សុជ ឆ្នាំថោះបញ្ចស័កព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមាន ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នឹង ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅភោជ នីយដ្ឋាន Modern2 ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម។

វេទិកានេះ ប្រជាពលរដ្ឋបានសំណូមពរឱ្យជួយដោះស្រាយបញ្ហាជាច្រើន មានដូចជា ការសូម ជំរុញ ការធ្វើប្លង់កម្មសិទ្ធិដីធ្លី១៧ហិកតា ជូនពលរដ្ឋ៦៨៩គ្រួសារ នៅសង្កាត់ ស្ទឹងមានជ័យទី១,សុំបើកផ្លូវដែលមានទំនាស់,សុំដាក់លូនៅផ្លូវ៦០ម៉ែត្រនិងផ្លូវជាតិ លេខ២, សុំរៀបចំខ្សែភ្លើងឱ្យមានសោភ័ណភាព, សុំរឹតបន្តឹងចំពោះអ្នកដើរ រើសអេត ចាយពេលយប់,សុំដោះស្រាយការលិចលង់ ភូមិដ្ឋាន ការសុំធ្វើប្រព័ន្ធ លូ ផ្លូវដែលខូចខាតដោយសារទឹកភ្លៀង សូមជំរុញឱ្យ ធ្វើប្លង់រឹង ជូនប្រជាពលរដ្ឋនៅតាម បណ្ដោយប្រឡាយស្ទឹងមានជ័យ, ការសុំបើកក្លឹបប្រដាល់ របស់សមាគមនដែលត្រូវបានគេបិទ ,សុំសំអាតបន្ទប់អនាម័យនៅតាមសាលារៀនរដ្ឋពិសេសសាលាបឋមសិក្សាជាដើម។

ឯកឧត្ដម នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីព្រឹកនេះ មានពលរដ្ឋចូលរួមសរុប ចំនួនជាង៥០០នាក់ ក្នុងចំនួននេះ ប្រជាពលរដ្ឋបានលើកឡើងដោយផ្ទាល់មាត់ ចំនួន១៩នាក់ ស្មើ ២៥ បញ្ហា និងជាលាយលក្ខណ៍អក្សរចំនួន៩០ច្បាប់ ។ ចំពោះសំណើ និងសំណូម ពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋទាំង១៩នាក់នេះ ត្រូវបាន អភិបាលខណ្ឌមានជ័យ និងមន្ទីរពាក់ព័ន្ធ ស្រាយបំភ្លឺនិងដោះស្រាយជូនភ្លាមៗ ជាមួយនឹងការបង្ហាញពីគម្រោងដែល ប្រជាពលរដ្ឋបានស្នើសុំផងដែរ ដូចជាការ ស្នើសុំរបស់ប្រជាពលរដ្ឋសុំធ្វើលូ ផ្លូវ ១៦BT ត្រូវបានលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បកស្រាយថា មិនត្រឹមតែស្ថាបនាកំណាត់ផ្លូវ មួយខ្សែនេះទេ គឺស្ថាបនាផ្លូវ លូពាក់ព័ន្ធ ជាច្រើនខ្សែទៀតដែលជាប់ពាក់ព័ន្ធប្រឡាយបឹងទំពុន ។ ស្ថានីយបឹងទំពុន និងប្រឡាយបឹងទំពុន ក៏នឹងត្រូវបន្ថែម ម៉ាស៊ីន និងពង្រីកតួប្រឡាយពី៣០ម៉ែត្រទៅ៦០ម៉ែត្រផងដែរ ដើម្បីធ្វើយ៉ាងណារំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងឱ្យខានតែបាន។ ឯកឧត្ដម នួន ផារ័ត្ន បានបន្តថា ចំពោះសំណើ សុំដែល មិនទាន់បានដោះស្រាយ យើងនឹង បន្តយកទៅពិភាក្សា និងដោះស្រាយតាមក្រោយទៀត។

ឯកឧត្ដម នួន ផារ័ត្ន បានលើក ឡើងទៀតថា៖ ប្រទេសកម្ពុជា យើង នៅបន្តរក្សាបានសុខ សន្តិភាព នេះហើយដែលបានធ្វើឱ្យកម្ពុជាយើង អាចធ្វើជាម្ចាស់ផ្ទះ សំរាប់កម្មវិធីធំៗ ជាក់ស្តែងដូចជា កិច្ចប្រជុំកំពូលអាស៊ាន ការប្រគួត កីឡាស៊ីហ្គេមជាដើម។ សមិទ្ធផលធំមួយទៀត ដែលកម្ពុជាសម្រេចបាន នោះ គឺកម្ពុជាឈរជើងយ៉ាង រឹងមាំនិងមិនក្ស័យធន រក្សាបានកំណើន សេដ្ឋកិច្ច ថែមទៀត ខណៈ ពិភពលោកកំពុងប្រឈមបញ្ហាសេដ្ឋកិច្ច បណ្តាលមកពីជំងឺកូវីដ-១៩ និងសង្គ្រាម នៅអ៊ុយក្រែនជាដើម។

ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា វេទិកាផ្សព្វផ្សា យនិងពិគ្រោះយោបល់នេះធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ អំឡុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើ របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាសាធារណៈជាដើម។ វេទិកានេះ គឺចង់បង្ហាញពីសកម្មភាពការងាររបស់អាជ្ញាធររាជធានីភ្នំពេញថាតើបានបំពេញការងារបម្រើ ប្រជាពលរដ្ឋគ្រប់ជ្រុង ជ្រោយទេ នៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋលើកឡើងពីចំណុចខ្វះខាតទាំងនោះ យកមកបំពេញបន្ថែម ធ្វើយ៉ាងណាឱ្យ រាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន ល្អ មានការអភិវឌ្ឍ ជាមួយនិងការផ្តល់សេវាសាធារណៈជូនពលរដ្ឋកាន់តែល្អប្រសើរឡើងថែមទៀត ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: