នៅថ្ងៃទី៦-៧វិច្ឆិកានេះ! រដ្ឋបាលរាជធានីភ្នំពេញ មិនឱ្យមានប៉ូលិសឈរផាកពិន័យច្បាប់ចរាចរណ៍ផ្លូវគោកឡើយ ដើម្បីទុកឱកាសឱ្យសិស្សានុសិស្សទៅប្រឡងទុតិយភូមិបានទាន់ពេលវេលា
- November 3, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល២ថ្ងៃ គឺថ្ងៃទី០៦-០៧ វិច្ឆិកា ឆ្នាំ២០២៣ នេះ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យកម្លាំងប៉ូលិសទាំងអស់ ពិសេសកងកម្លាំង នៃ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ដាច់ខាតមិនឱ្យ ដាក់កម្លាំង ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនោះឡើយ តែថែមទាំងជួយសម្រួលចរាចរណ៍ដល់ សិស្សានុសិស្សបានទៅប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិបាន ទាន់ពេលវេលាថែមទៀតផង។

ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំ ត្រៀមសន្ដិសុខ សុវត្ថិភាព រៀបចំការប្រទ្បង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅព្រឹកថ្ងៃសុក្រ០៥រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចប្រជុំនេះក៏មានការ ចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)នឹងតំណាង ក្រសួងអប់រំយុវជន នឹងកីឡា ព្រមទាំងអាជ្ញាធរនឹងកងកម្លាំងទាំង១៤ខណ្ឌផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ នៅមណ្ឌលប្រឡង សំខាន់ឱ្យដំណើរការ នៃការប្រឡងនេះ ទទួលបានជោគជ័យ នឹងមិនមានភាពថ្លោះធ្លោយ ។
ឯកឧត្ដម កើត ឆែ ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវពង្រឹងសុវត្ថិភាព នៅគ្រប់មណ្ឌលប្រឡង ទាំងអស់ ធ្វើយ៉ាងណា កុំឱ្យ មានភាពឆកល្វែងណា មួយកើតឡើង នៅពេលប្រឡងនេះ។ អាជ្ញាធរ ខណ្ឌត្រូវចុះពិនិត្យរដ្ឋបាលចំពោះមណ្ឌលប្រឡងណា ដែលមានបងប្អូនប្រជាពលរដ្ឋស្នាក់នៅ ជា មួយមិនត្រូវ ឱ្យដើរចេញ រហេត រហូតគ្មាន សណ្ដាប់ ធ្នាប់ នោះឡើយ។ មន្ទីរសុខាភិបាល រាជធានីភ្នំពេញ ត្រូវដាក់ក្រុមគ្រូពេទ្យ ដើម្បីព្យាបាលក៏ដូចជាជួយសង្គ្រោះនៅពេលដែលមានបេក្ខ ជនណាមួយមាន បញ្ហាសុខភាព ក្នុងពេលប្រឡង ។
ពាក់ព័ន្ធនឹងការផ្ញើ កង់ ម៉ូតូ វិញ ឯកឧត្ដម កើត ឆែ ក៏បានណែនាំមិនឱ្យយកប្រាក់ឡើយ ក្នុងពេលប្រឡង ២ថ្ងៃនេះ ដោយរាល់ការចំណាយទាំងនេះ គឺរដ្ឋបាលរាជធានីភ្នំពេញជាអ្នកចេញ។ សម្រាប់កង កម្លាំងប៉ូលិសទាំងអស់ ពិសេស កម្លាំងប៉ូលិស នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ គឺមិនត្រូវដាក់កម្លាំងរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោកនោះទេ មិនតែប៉ុណ្ណោះថែម ទាំង ជួយសម្រួល ចរាចរណ៍ ដល់សិស្សានុសិស្ស បានទៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ បានទាន់ពេលវេលាថែមទៀត ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន១៣៧៤១២នាក់ កើនឡើងជាងឆ្នាំមុន(៩២៧៧នាក់) ស្រី៧៣២៧៨នាក់ចែកជា ២២៧ មណ្ឌលត្រូវជា៥៥៤៣បន្ទប់។
ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤១៣៧៩នាក់ (ស្រី២៤៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៦០៣៣នាក់ (ស្រី៤៨៤៨៩ នាក់)។ចំណែកគណៈមេប្រយោគ នឹងគណៈកម្មការផ្សេងៗ ដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាលមានចំនួនសរុប២៩៥២៥នាក់ ក្នុងនោះមកពីថ្នាក់ក្រសួងចំនួន៤១២៦នាក់ នឹងមកពីថ្នាក់រាជធានី ខេត្តចំនួន២៥៣៩៩នាក់ ។ ដោយឡែក សម្រាប់ រាជធានីភ្នំពេញ មានមណ្ឌលប្រឡង ចំនួន៣១ មណ្ឌល នឹង មានបេក្ខជនចំនួន២៥៨៣៥នាក់៕


ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






