ចោរលួចម៉ូតូ ២នាក់ប្រុសស្រី ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ
- November 3, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្តឹងមកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីលួចកាច់កម៉ូតូ០១គ្រឿងនៅចំណុច ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ភ្លាមៗនោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបើកការស្រាវជ្រាវតាមស្វែងរកជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ មានឈ្មោះ តាំង ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ និង ឈ្មោះ យ៉ា សុខណាង ភេទស្រី អាយុ២៨ឆ្នាំ ដោយចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី ២០២២ ស្លាកលេខ ស្វាយរៀង 1T-2940 ជារបស់ជនរងគ្រោះ បានប្រគល់ជូនម្ចាស់ដើមវិញ។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕





ប្រភព៖ Phnom Penh Gendarmerie
- Share This Post:






