ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌាសម្រេចបិទសាលារៀនក្នុងទីក្រុងញូវដេលីជាបណ្តោះអាសន្នដើម្បីឆ្លើយតបនឹងបញ្ហាខ្យល់កខ្វក់

    BY Pheakdey November 3, 2023
    ឥណ្ឌាសម្រេចបិទសាលារៀនក្នុងទីក្រុងញូវដេលីជាបណ្តោះអាសន្នដើម្បីឆ្លើយតបនឹងបញ្ហាខ្យល់កខ្វក់

    ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាសម្រេចបិទសាលារៀនជាច្រើននៅក្នុងទីក្រុងញូវដេលីដើម្បីឆ្លើយតបទៅនឹងបញ្ហាខ្យល់កខ្វក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៣ ខែវិច្ឆិកានេះ។ បញ្ហាខ្យល់កខ្វក់ដែលកំពុងគំរាមគំហែងរដ្ឋធានីរបស់ឥណ្ឌានៅពេលនេះគឺបង្កឡើងដោយកត្តា ៣សំខាន់ៗរួមមាន ផ្សែងកខ្វក់បង្កឡើងដោយការដុតចំបើងពីសំណាក់ក្រុមប្រជាកសិករ ផ្សែងពុលចេញពីយានជំនិះគ្រប់ប្រភេទនៅក្នុងទីក្រុង និងការបំភាយផ្សែងពុលចេញពីរោងចក្រធំៗនៅក្នុងទីក្រុង។

    បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា វិធានការបិទសាលារៀននេះត្រូវបានដាក់ចេញដើម្បីការពារសុខភាពក្រុមសិស្សានុសិស្សពីបញ្ហាផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ ជាពិសេសនោះគឺក្មេងៗកំពុងសិក្សានៅក្នុងថ្នាក់បឋមសិក្សា ដែលជាក្រុមពលរដ្ឋងាយគ្រោះបំផុតពីបញ្ហាបរិស្ថានមួយនេះ។ ប្រភពខាងលើបានបន្តថា វិធានការបិទសាលារៀននេះនឹងត្រូវអនុវត្តចំនួន ២ថ្ងៃប​ន្ថែមទៀត គិតចាប់ពីថ្ងៃជូនដំណឹងនេះ ឬអាជ្ញាធរអាចបន្តអនុវត្តយូរជាងនេះបន្ថែមទៀតក្នុងករណីចាំបាច់។ គួរបញ្ជាក់ជូនថា ទីក្រុងញូវដេលីគឺជាទីក្រុងដ៏ធំរបស់ឥណ្ឌា ដែលមានពលរដ្ឋកំពុងរស់នៅជាង ៣០លាននាក់​ ខណៈបញ្ហាខ្យល់កខ្វក់នេះមិនមែនទើបកើតឡើងក្នុងទីក្រុងមួយនេះជាលើកទីមួយនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: