សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភចំពោះការវះកាត់ដល់អ៊ុំស្រីម្នាក់ ដែលមានជំងឺភ្នែកឡើងបាយពុំមានលទ្ធភាពព្យាបាល
- November 4, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឱ្យដឹងថា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឧបត្ថម្ភថ្លៃវះកាត់ជូនអ៊ុំស្រីម្នាក់ ដែលមានជំងឺភ្នែកឡើងបាយ ដោយពុំមានលទ្ធភាពព្យាបាល។

គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឱ្យដឹងថា អ៊ុំស្រី កុន អុន អាយុ៧១ ឆ្នាំ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម មានអាការៈភ្នែកឡើងបាយ បណ្តាលឱ្យស្រវាំង មើលមិនឃើញច្បាស់ ហើយពុំមានលទ្ធភាពព្យាបាលព្រោះមានជីវភាពខ្វះខាត។
ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បកភ្នែកជូនប្រកបដោយភាពជោគជ័យ ។ បច្ចុប្បន្ន ភ្នែករបស់អ៊ំស្រី អាចមើលឃើញសារជាថ្មីឡើងវិញ ជាមួយនឹងអារម្មណ៍រំភើបរីករាយ និងគោរពថ្លែងអំណរគុណសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ដែលបានជួយស្រោចស្រង់។
រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល, វះកាត់, ស្នាក់នៅ និងហូបចុក គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណិ្ឌត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៕

- Share This Post:






