ជប៉ុនប្រកាសផ្តល់ជំនួយមនុស្សធម៌ ៦៥លានដុល្លារទៅកាន់ពលរដ្ឋប៉ាឡេស្ទីន
- BY
- Pheakdey
- November 4, 2023
ជប៉ុន៖ ប្រទេសជប៉ុននឹងផ្តល់ជំនួយមនុស្សធម៌ទៅកាន់ពលរដ្ឋប៉ាឡេស្ទីនចំនួន ៦៥លានដុល្លារបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសោរ៍ ទី៤ ខែវិច្ឆិកានេះ។ ការថ្លែងបញ្ជាក់អំពីការផ្តល់ប្រាក់ជំនួយនេះគឺត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa ក្នុងឱកាសដែលលោកស្រីបានអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលនិងហ្ស៊កដានីកាលពីថ្ងៃម្សិលមិញនេះ។

លោកស្រី Yoko Kamikawa
លោកស្រី Yoko Kamikawa បានថ្លែងបញ្ជាក់ថា ជប៉ុនពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ដ្បិតវាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋស៊ីវិលប៉ាឡេស្ទីន ហើយជំនួយមនុស្សធម៌របស់ជប៉ុននៅពេលនេះគឺត្រូវបានផ្តល់ជូនសម្រាប់យកទៅជួយសង្គ្រោះក្រុមពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដែលជាតំបន់កំពុងមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង។ គួរកត់សម្គាល់ថា តំបន់ហ្គាហ្សាមានពលរដ្ឋប៉ាឡេស្ទីនកំពុងរស់នៅសរុបប្រមាណជា ២,៧លាននាក់ ហើយភាគច្រើននៃពលរដ្ឋស៊ីវិលទាំងអស់នេះកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដូចជា អ្នកខ្លះត្រូវស្លាប់បាត់បង់ជីវិត រងរបួស គ្មានកន្លែងស្នាក់នៅ គ្មានអាហារសម្រាប់ទទួលទាន និងគ្មានថ្នាំសម្រាប់ព្យាបាលជំងឺជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






