ពលរដ្ឋម៉ាឡេស៊ីជាច្រើនបាននាំគ្នាធ្វើពហិការក្រុមហ៊ុនធំៗដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ដើម្បីបង្ហាញការគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីន
- BY
- Pheakdey
- November 4, 2023
ម៉ាឡេស៊ី៖ ពលរដ្ឋម៉ាឡេស៊ីជាច្រើននាក់បាននាំគ្នាធ្វើពហិការលែងប្រើប្រាស់ផលិតផលឬសេវាកម្មរបស់ក្រុមហ៊ុនធំៗជាច្រើនដែលមានទំនាក់ជាមួយនិងប្រទេសអ៊ីស្រាអែល ឬមាននិន្នាការគាំទ្រអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកានេះ។ នៅក្នុងចំណោមក្រុមហ៊ុនទាំងអស់មានដូចជា ក្រុមហ៊ុន McDonald’s ក្រុមហ៊ុន Starbucks ក្រុមហ៊ុន Burger King និងក្រុមហ៊ុនធំៗជាច្រើនទៀត ដែលសុទ្ធតែជាក្រុមហ៊ុនរបស់អាមេរិក។
ប្រភពខាងលើបានបន្តថា ការសម្រេចធ្វើពហិការរបស់ក្រុមពលរដ្ឋម៉ាឡេស៊ីមូស្លីមនៅពេលនេះគឺដើម្បីបង្ហាញនូវការគាំទ្រដល់ពលរដ្ឋប៉ាឡេស្ទីន ដែលកំពុងរងគ្រោះយ៉ាងខ្លាំងដោយការវាយប្រហារពីសំណាក់កងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ យ៉ាងណាក្តី ការសម្រេចធ្វើពហិការនេះក៏បានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋម៉ាឡេស៊ីមួយចំនួនដែលកំពុងធ្វើការងារនៅតាមក្រុមហ៊ុនទាំងអស់នោះផងដែរ ដ្បិតពួកគេត្រូវបាត់បង់ការងារនិងគ្មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ គួរកត់សម្គាល់ថា ចាប់តាំងពីមានជម្លោះរវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅក្នុងថ្ងៃទី ៧ខែតុលាមក ការប្រយុទ្ធគ្នាបានបណ្តាលឲ្យមានពលរដ្ឋប៉ាឡេស្ទីនចំនួន ៩,០០០នាក់ហើយត្រូវស្លាប់បាត់បង់ជីវិត និងរាប់សែននាក់ផ្សេងៗទៀតកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






