ពលរដ្ឋឥណ្ឌូនេស៊ីនាំគ្នាធ្វើបាតុកម្មដើម្បីបង្ហាញសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន
- BY
- Pheakdey
- November 5, 2023
ឥណ្ឌូនេស៊ី៖ ពលរដ្ឋឥណ្ឌូនេស៊ីរាប់ម៉ឺននាក់បាននាំគ្នាធ្វើបាតុកម្មនៅក្នុងទីក្រុងចាតាកាដើម្បីបង្ហាញសាមគ្គីជាមួយពលរដ្ឋប៉ាឡេស្ទីនដែលកំពុងរងគ្រោះដោយការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកានេះ។ ក្រុមពលរដ្ឋឥណ្ឌូនេស៊ីដែលសុទ្ធតែជាអ្នកកាន់សាសនាឥស្លាមទាំងអស់នោះត្រូវបានគេមើលឃើញថា បាននាំគ្នាពាក់អាវផាយពណ៌ស ទទូលកន្សែងប៉ាឡេស្ទីនពណ៌ស-ខ្មៅ និងថែមទាំងបានគ្រវីទង់ជាតិប៉ាឡេស្ទីនទៀតផង។

ប្រភពខាងលើបានបន្តថា នៅក្នុងពេលប្រមូលផ្តុំគ្នានោះក្រុមពលរដ្ឋឥណ្ឌូនេស៊ីបានស្រែកថា “ព្រះជាម្ចាស់ដ៏អស្ចារ្យ” និង “ដោះលែងប៉ាឡេស្ទីន” ខណៈនៅក្នុងអំឡុងពេលនេះកងកម្លាំងអ៊ីស្រាអែលកំពុងធ្វើការឡោមព័ទ្ធតំបន់ហ្គាហ្សាយ៉ាងខ្លាំងខ្លាបំផុត។ ជាងនេះទៅទៀតក្រុមពលរដ្ឋឥណ្ឌូនេស៊ីដែលមានទំនោរគាំទ្រពលរដ្ឋប៉ាឡេស្ទីនទាំងអស់នោះក៏បានអំពាវនាវឲ្យមានការធ្វើពហិការលើទំនិញរបស់អ៊ីស្រាអែល និងទាមទារឲ្យមានការស៊ើបអង្កេតចំពោះសកម្មភាពវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សានៅតុលាការអន្តរជាតិផងដែរ។ គួរបញ្ជាក់ជូនថា នេះជាលើកទីមួយហើយដែលពលរដ្ឋឥណ្ឌូនេស៊ីនាំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំដូចនេះ បើចាប់តាំងពីមានការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅក្នុងថ្ងៃទី ៧ ខែតុលាមក៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






