ព័ត៌មានជាតិ

ស្នងការខេត្ដកំពត៖ កម្លាំងសមត្ថកិច្ចប្រមាណជាង ១ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរក្នុងពិធីប្រណាំងទូក«ង» នៅខេត្តកំពត

BY
Khmernote Media
November 8, 2023

ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចនូវកម្លាំងសមត្ថកិច្ចចម្រុះជាង ១ ០០០ នាក់ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តកំពត នាឱកាសនៃពិធីប្រណាំងទូកងនាពេលខាងមុខនេះ។

កម្លាំងចម្រុះទាំងនេះ នឹងត្រូវប្រើប្រាស់ដើម្បីសម្រួលចរាចរណ៍ ទប់ស្កាត់បង្ក្រាបបទល្មើសផ្សេងៗ ពិសេសរក្សាឱ្យបាននូវសុខសុវត្តិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានគូសបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការប្រើប្រាស់កម្លាំងដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តក្នុងខេត្តកំពត ក្នុងឱកាសនៃពិធីប្រណាំងទូកង នៅថ្ងៃទី១០ និង ១១ ខែវិច្ឆិកា ខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោបានគូសបញ្ជាក់ទៀតថា កម្លាំងដែលត្រូវប្រើប្រាស់ទាំងអស់មានចំនួន ១ ១៤៥ នាក់ ក្នុងនោះមាន កម្លាំងរបស់ស្នងការនគរបាលខេត្តមានចំនួន ៨១០នាក់, កម្លាំងកងរាជអាវុធហត្ថខេត្តមានចំនួន ១២៣នាក់, កម្លាំងតំបន់ប្រត្តិបត្តិការសឹករងខេត្តចំនួន ៥០នាក់, កម្លាំងសន្តិសុខលំហសមុទ្រចំនួន ២០នាក់, កម្លាំងមូលដ្ឋានសមុទ្រចំនួន ២១នាក់, កម្លាំងវរៈការពារព្រំដែនទឹក២៤១ចំនួន ៣០នាក់, កម្លាំងកងអន្តរាគមន៍លេខ២ ការពារកោះឆ្នេរ ចំនួន ១០នាក់, កម្លាំងមន្ទីរសុខាភិបាលចំនួន ៣១នាក់, ទីចាត់ការអន្តរវិស័យសាលាខេត្តចំនួន ២៧នាក់, កម្លាំងរដ្ឋបាលជលផលចំនួន ០៩នាក់, កម្លាំងមន្ទីរសាធារណការ និងដឹកជញ្ជូនចំនួន ០៤នាក់ និងកម្លាំងអង្គភាពអគ្គិសនីកំពតចំនួន ១០នាក់។

ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានថ្លែងកោតសរសើចំពោះកងកម្លាំងទាំងអស់ ដែលកន្លងមកបានរួមសហការគ្នាក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានមកសម្រាកកម្សាន្តក្នុងខេត្ត ពិសេសបានសហការគ្នាយ៉ាងល្អនៅពេលមានព្រឹត្តិការណ៍កម្សាន្តធំដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្ត។ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យកម្លាំងសមត្ថកិច្ចទាំងអស់បន្តរួមសហការគ្នាធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសុវត្តិភាពជូនដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តកំពត នាឱកាសនៃព្រឹត្តិការណ៍ប្រណាំងទូក ង នាពេលខាងមុខឱ្យបានកាន់តែល្អប្រសើគ្រប់គោលដៅទាំងអស់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: