រដ្ឋបាលខេត្តសៀមរាប បង្ហូរទឹកចេញពីដងស្ទឹងសៀមរាប ដើម្បីជួសជុល និងកែលម្អនូវចំណុចខូចខាតមួយចំនួននៅខាងជើងស្ពាននាគ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា
- November 8, 2023
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ស្តីពីការបង្ហូរទឹកចេញពីដងស្ទឹងសៀមរាប ដើម្បីជួសជុល និងកែលម្អនូវចំណុចខូចខាតមួយចំនួននៅខាងជើងស្ពាននាគ ដោយការបង្ហូរទឹកចេញនេះ ធ្វើឡើងចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនថា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា នឹងរៀបចំបង្ហូរទឹក ចេញពីដងស្ទឹងសៀមរាប ដើម្បីឱ្យក្រុមការងារអាជ្ញាធរជាតិអប្សរារៀបចំជួសជុល និងកែលម្អនូវចំណុច មួយចំនួនដែលខូចខាតនៅតំបន់ខាងជើងស្ពាននាគ (វិថីសម្តេចវិបុលបញ្ញា សុខ អាន)។ ជាមួយគ្នានេះ នៅក្នុងចន្លោះរយៈពេលនៃការបង្ហូរទឹកចេញពីដងស្ទឹងសៀមរាប រដ្ឋបាលខេត្ត នឹងសហការជាមួយរដ្ឋបាល ក្រុងសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ ចុះរៀបចំសម្អាតដងស្ទឹងសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាព ដងស្ទឹង ក៏ដូចជាការរៀបចំសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរានឹងធ្វើការបង្ហូរទឹកចូលស្ទឹងសៀមរាបវិញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ ៕



ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration
- Share This Post:






