អន្តរជាតិ

ទិន្នផលស្រាទំពាំងបាយជូរមានការធ្លាក់យ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេលជាង ៦០ឆ្នាំចុងក្រោយនេះ

BY
Pheakdey
November 8, 2023

បារាំង៖ ទិន្នផលស្រាទំពាំងបាយជូរនៅលើពិភពលោកមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២៣ នេះបើយោងតាមរបាយការណ៍មួយដែលត្រូវបានធ្វើឡើងដោយអង្គការអន្តរជាតិ International Organization of Vine and Wine (IOV)។ របាយការណ៍ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកានេះបានបញ្ជាក់ថា ហេតុផលដែលធ្វើឲ្យការផលិតស្រាទំពាំងបាយជូរមានការធ្លាក់ចុះគឺដោយសារតែការប្រមូលទិន្នផលផ្លែទំពាំងបាយជូរនៅក្នុងតំបន់ Southern Hemisphere មានការធ្លាក់ចុះ ខណៈក្រុមអ្នកផលិតស្រានៅតំបន់អឺរ៉ុបក៏បានកាត់បន្ថយចង្វាក់ផលិតកម្មរបស់ពួកគេដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

ប្រភពខាងលើបានបន្តថា តាមធ​ម្មតាការផលិតស្រាទំពាំងបាយជូរនៅលើពិភពលោកគឺមានបរិមាណចន្លោះពី ២៤១,៧ ទៅ ២៤៦,៦ លានហិចតូលីត ឬគិតជាមធ្យមគឺ​២៤៤,១ លានហិចតូលីតនៅក្នុងមួយឆ្នាំ។ យ៉ាងណាក្តី​ នៅក្នុងឆ្នាំ ២០២៣នេះទិន្នផលស្រាគឺមានបរិមាណត្រឹមតែ ២១៤ លានហិចតូលីតប៉ុណ្ណោះ ហើយធៀបទៅនឹងទិន្នផលនាឆ្នាំកន្លងទៅគឺមានការធ្លាក់ចុះ ៧% ខណៈការធ្លាក់ចុះនេះគឺជាធ្លាក់ចុះដ៏ខ្លាំងមិនធ្លាប់មាននោះទ បើគិតចាប់តាំងពីឆ្នាំ ១៩៦១មក។ គួរបញ្ជាក់ជូនថា ១​ហិចតូលីតគឺស្មើនឹងបរិមាណស្រាចំនួន ១៣៣ដប នៃដបស្តង់ដារដែលក្នុងមួយ ១ស្តង់ដារគឺមានចំណុះ ៧៥០មីលីលីត្រ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: