ក្រុមហ៊ុនបច្ចេកវិទ្យាចិនដែលជាអ្នកផ្គត់ផ្គង់ធំរបស់ Apple បង្កើនការវិនិយោគនៅវៀតណាម ៣៣០លានដុល្លារថែមទៀត
- BY
- Pheakdey
- November 10, 2023
វៀតណាម៖ ក្រុមហ៊ុន Luxshare Precision Industry Co ដែលជាដៃគូផ្គត់ផ្គង់ដ៏ធំមួយរបស់ក្រុមហ៊ុន Apple បានសម្រេចបង្កើនការវិនិយោគមានតម្លៃជាទឹកប្រាក់ចំនួន ៣៣០លានដុល្លារបន្ថែមទៀតនៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី១០ ខែវិច្ឆិកានេះ។ សម្រាប់ទីតាំងនៃការវិនិយោគវិញគឺនឹងត្រូវធ្វើឡើងនៅក្នុងខេត្ត Bac Giang ដែលស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាម។ 
ប្រភពខាងលើបានបន្តថា ក្រោយបង្កើនការវិនិយោគជាទឹកប្រាក់ចំនួន ៣៣០លានដុល្លារបន្ថែមទៀតនេះ គឺនឹងធ្វើឲ្យតម្លៃការវិនិយោគសរុបនៅក្នុងប្រទេសវៀតណាមពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះបានកើតឡើងរហូតដល់ ៥០៤លានដុល្លារ។ គួរបញ្ជាក់ជូនថា ក្រុមហ៊ុន Luxshare Precision Industry Co គឺជាក្រុមហ៊ុនផលិតសម្ភារៈអេឡិចត្រូនិចសំខាន់ៗមួយចំនួនដូចជា ខ្សែភ្លើងសម្រាប់ឧបករណ៍ឆ្លាតវ័យ ឧបករណ៍សម្រាប់ទំនាក់ទំនង ប៊ិកសម្រាប់សរសេរនៅលើឧបករណ៍ឆ្លាតវ័យ អេក្រង់ឧបករណ៍ឆ្លាតវ័យ និងនាឡិកាឆ្លាតវ័យជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






