អន្តរជាតិ

វៀតណាមកាត់ទោសប្រហារជីវិតមនុស្ស ១៨នាក់ក្នុងករណីរត់ពន្ធគ្រឿងញៀនពីកម្ពុជាទៅក្រុងហូជីមិញ ក្នុងនោះមានជនជាតិចិនម្នាក់ និងកូរ៉េខាងត្បូង ២នាក់

BY
Pheakdey
November 12, 2023

វៀតណាម៖ តុលាការក្រុងហូជីមិញ ប្រទេសវៀតណាមសម្រេចកាត់ទោសប្រហារជីវិតមនុស្សចំនួន ១៨នាក់ដែលបានពាក់ព័ន្ធនឹងករណីរត់ពន្ធគ្រឿងញៀន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកានេះ។ នៅក្នុងចំណោមជនល្មើសគ្រឿងញៀនទាំង ១៨នាក់នោះ គឺមានជនបរទេសចំនួ​ន ៣នាក់ ដោយម្នាក់ជាជនជាតិចិន និង ២នាក់ជាជនជាតិកូរ៉េខាងត្បូង ខណៈជនល្មើសចំ​នួន ១៥នាក់ផ្សេងទៀតគឺជាពលរដ្ឋវៀតណាម។ ប្រភពខាងលើបានបន្តថា ជនល្មើសជាជនជាតិចិនមានឈ្មោះ Li Tian Guan អាយុ ៥៨ឆ្នាំ ខណៈជនល្មើសជនជាតិកូរ៉េខាងត្បូងវិញគឺមានម្នាក់ជាអតីតប៉ូលិសមានឈ្មោះថា Kim Soon-sik អាយុ ៦៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ Kang Seon-hok អាយុ ៣០ឆ្នាំ។ បើតាមតុលាការវៀតណាតបានបញ្ជាក់ថា ក្រុមជនល្មើសទាំងនេះគឺជាមុខសញ្ញារត់ពន្ធគ្រឿងញៀនពីប្រទេសកម្ពុជាចូលទៅកាន់ទីក្រុងហូជីមិញកាលពីឆ្នាំ ២០២០ក​ន្លងទៅ ហើយគ្រឿងញៀនដែលពួកគេបានរត់ពន្ធនោះគឺមានជាច្រើនប្រភេទ និងមានទម្ងន់សរុបចំនួន ២១៦គីឡូក្រាម។ សូមបញ្ជាក់ជូនថា វៀតណាមគឺជាប្រទេសដែលមានច្បាប់ប្រឆាំងនឹងគ្រឿងញៀនយ៉ាងតឹងរឹងបំផុតមួយនៅលើពិភពលោក៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: