ថៃច្រានចោលគម្រោងដាក់ឲ្យមានការល្បាតរួមគ្នារវាងប៉ូលិសថៃនិងចិននៅតាមតំបន់ទេសចរណ៍លើទឹកដីខ្លួន
- BY
- Pheakdey
- November 14, 2023
ថៃ៖ អាជ្ញាធរថៃបានច្រានចោលគម្រោងស្នើសុំដាក់ឲ្យមានការល្បាតរួមគ្នារវាងប៉ូលិសថៃនិងប៉ូលិសចិននៅតាមតំបន់ទេសចរណ៍នៅលើទឹកដីរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះ។ ការបដិសេធនូវគម្រោងដ៏ចម្រូងចម្រូងខាងលើនេះត្រូវបានធ្វើឡើងដោយលោក Sudawan Wangsuphakijkosol ដែលជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃ និងក្រោយមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋថៃ។
គួរបញ្ជាក់ជូនថា នៅលើបណ្តាញសង្គមក្នុងប្រទេសថៃនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានមតិដ៏រសើបមួយបានផ្ទុះឡើងយ៉ាងផុសផុល ពោលគឺមានមតិស្នើសុំឲ្យរដ្ឋាភិបាលថៃប្រើប្រាស់កម្លាំងប៉ូលិសចិនរួមគ្នាជាមួយកម្លាំងប៉ូលិសថៃនៅតាមតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនដើម្បីបង្កើនទំនុកចិត្តដល់ក្រុមភ្ញៀវទេសចរណ៍ចិនដែលគ្រោងមកដើរកំសាន្តនៅក្នុងប្រទេសថៃ ក៏ដូចជាបង្កើនទំនុកចិត្តសម្រាប់ពលរដ្ឋចិនដែលកំពុងរស់នៅក្នុងប្រទេសថៃ។ មតិដែលគេមិនបានដឹងពីប្រភពដើមពិតប្រាកដនេះបានអះអាងទៀតថា គម្រោងខាងលើនេះនឹងក្លាយជាវិធានការទាក់ទាញភ្ញៀវទេសចរណ៍ចិនយ៉ាងមានប្រសិទ្ធភាព ដែលអាចរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចថៃបានមួយផ្នែកធំផងដែរ។
យ៉ាងណាក្តី លោក Sudawan Wangsuphakijkosol បានបញ្ជាក់ថា ការអនុញ្ញាតឲ្យប៉ូលិសចិនមកធ្វើការល្បាតរួមគ្នាជាមួយប៉ូលិសថៃនៅលើទឹកថៃគឺវាបានធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពជាតិថៃយ៉ាងខ្លាំង ខណៈយើងមានជម្រើសល្អៗជាច្រើនទៀតដើម្បីអាចធានាបាននូវសុវត្ថិភាពយ៉ាងខ្ពស់ជូនក្រុមភ្ញៀវទេសចរណ៍ជនជាតិចិនក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗទាំងអស់នៅជុំវិញពិភពលោក៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






