ខ្មែរ ប៊ែវើរីជីស បន្តភាពល្បីល្បាញជារោងចក្រឈានមុខគេក្នុងស្រុកដោយការគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក (World-class Operation Management)
- BY
- Naren
- November 16, 2023
(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏ល្បីនៅកម្ពុជាដែលវិនិយោគដោយខ្មែរ១០០ភាគរយ ប្តេជ្ញាយ៉ាងមោះមុតក្នុងការឈរជើងលើទីផ្សារក៏ដូចជាការបន្តកេរ្តិ៍ឈ្មោះ ១០០ឆ្នាំ ទៅមុខទៀតជារោងចក្រស្តង់ដារអន្តរជាតិ ហើយអ្វីដែលធ្វើឱ្យមហិច្ឆតាខ្លួនក្លាយជាការពិត ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានការគ្រប់គ្រងសង្វាក់ផលិតកម្មតាមស្តង់ដារអន្តរជាតិលំដាប់ពិភពលោក (World-class Operation Management) ដែលមានការទទួលស្គាល់ពីសហភាពអឺរ៉ុប ជាហេតុរោងចក្រមួយនេះបន្តភាពល្បីល្បាញនិងឈានមុខគេជានិច្ច។

ជាក់ស្តែង អ្នកជំនាញប្រឹក្សាលើការគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក នៃក្រុមហ៊ុនប្រឹក្សាអន្តរជាតិ អ៊ីហ្វេសូ (EFESO Consulting) លោក អាកមាត សូឡេហ៊ូឌីន (Achmad Sholehuddin) បានប្រាប់ឱ្យដឹងថា៖ «ការគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោកឈរយ៉ាងច្បាស់លាស់លើគោលការណ៍រួមមាន៖ ដំណើរការផលិតកម្មប្រកបដោយប្រសិទ្ធភាព, ការអភិវឌ្ឍរោងចក្រនិងធនធានមនុស្សឥតឈប់ឈរ, ការមានយុទ្ធសាស្ត្រត្រឹមត្រូវ និងការយល់ពីតម្រូវការរបស់អតិថិជន ហើយការអនុវត្តទាំងអស់នេះអាចសម្រេចបានដោយសារតែការរួមចំណែក១០០%របស់បុគ្គលិក គួបផ្សំជាមួយបច្ចេកវិទ្យាដ៏ទំនើបក្នុងការគ្រប់គ្រងសង្វាក់ផលិតកម្មរោងចក្រ ខ្មែរ ប៊ែវើរីជីស ដើម្បីធ្វើឱ្យរោងចក្រមានប្រតិបត្តិការល្អប្រសើរ និងផលិតបានផលិតផលមានគុណភាពខ្ពស់ជាប់លាប់ជូនដល់អតិថិជន នៅក្នុងមជ្ឈដ្ឋានប្រកួតប្រជែងរបស់ទីផ្សារបច្ចុប្បន្ន»។

ចំណែក លោក លាង ហុង អ្នកគ្រប់គ្រងផលិតកម្ម និងសុវត្ថិភាព នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្ថែមថា៖ «ការអនុវត្តការគ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោកនេះគឺជាយុទ្ធសាស្រ្តគិតគូរបានវែងឆ្ងាយរបស់រោចក្រ ខ្មែរ ប៊ែវើរីជីស ដើម្បីរក្សាម៉ាកយីហោនៅលើទីផ្សារ, ជាការលើកស្ទួយគុណភាពផលិតផល និងការពង្រីកធនធានមនុស្ស ដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិ»។

គួរបញ្ជាក់ផងដែរថារោងចក្រ ខ្មែរ ប៊ែវើរជីស បានអនុវត្តការគ្រប់គ្រងសង្វាក់ផលិតកម្មពិភពលោកចាប់តាំងពីឆ្នាំ ២០១៨មកម្ល៉េះ ហើយទទួលបានពានរង្វាន់គ្របគ្រង់សង្វាក់ផលិតកម្មពិភពលោកផងដែរ ហើយក្រុមហ៊ុននៅតែបន្តអនុវត្តការគ្រប់គ្រងសង្វាក់ផលិតកម្មពិភពលោក និងត្រៀមយកពានរង្វាន់បន្ថែមទៀត៕






- Share This Post:






