អន្តរជាតិ

មន្ទីរពេទ្យនៅតំបន់ហ្គាហ្សាកំពុងគ្មានទឹកនិងអ៊ុកស៊ីសែនប្រើប្រាស់ ខណៈមានអ្នកជំងឺនិងជនស៊ីវិលជាង ៦ពាន់នាក់កំពុងនៅក្នុងនោះ

BY
Pheakdey
November 17, 2023

ហ្គាហ្សា៖ លោក Muhammad Abu Salmiya ប្រធានមន្ទីរពេទ្យនៅតំបន់ហ្គហ្សាបានឲ្យដឹងថា មន្ទីរពេទ្យ Al-Shifa ដែលកំពុងស្ថិតក្រោមការឡោមព័ន្ធរបស់កងទ័ពអ៊ីស្រាអែលកំពុងតែអស់ទឹក និងអស់ខ្យល់អុកស៊ីសែនសម្រាប់ប្រើប្រាស់ហើយ នេះបើយោងតាមការចុះផ្សាយរប​ស់បណ្តាញសារព័ត៌មាន BCC នៅក្នុងថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកានេះ។ ប្រធានមន្ទីរពេទ្យរូបនេះបានបញ្ជាក់ទៀតថា នៅក្នុងមន្ទីរពេទ្យដែលប្រឈមនឹងបញ្ហាគ្មានទឹកនិងខ្យល់អ៊ុកស៊ីសែននោះគឺកំពុងមានផ្ទុកនូវអ្នកជំងឺចំនួន ៦៥០នាក់ បុគ្គលិកវេជ្ជសាស្រ្តជាង ៥០០នាក់ និងពលរដ្ឋស៊ីវិលជាង ៥,០០០នាក់ផងដែរ។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះវាគឺជាថ្ងៃទី ២ហើយ ដែលកងកម្លាំងអ៊ីស្រាអែលបានធ្វើការឡោមព័ន្ធមន្ទីរពេទ្យ Al-Shifa ដោយកងកម្លាំងអ៊ីស្រាអែលបានដាក់ពង្រាយរថពាស​ដែកជាច្រើននៅជុំវិញមន្ទីរពេទ្យ ហើយនៅផ្នែកខាងលើអាកាសវិញគឺអ៊ីស្រាអែលបានប្រើប្រា​ស់យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងសម្រាប់តាមដានសកម្មភាពនៅក្នុងបរិវេណមន្ទីរពេទ្យជាប្រចាំផងដែរ។ ការឡោមព័ន្ធមន្ទីរពេទ្យនេះត្រូវបានធ្វើឡើងដ្បិតអ៊ីស្រាអែលសង្ស័យថាមេដឹកនាំសំខាន់ៗរបស់ក្រុមហាម៉ាសបានសម្ងំលាក់ខ្លួននៅក្នុងមន្ទីរពេទ្យក្នុងចំណោមក្រុមពលរដ្ឋស៊ីវិល ឬបន្លំខ្លួនធ្វើជាអ្នកជំងឺ ខណៈមន្ទីរពេទ្យនេះក៏អាចជាច្រកចេញចូលទៅកាន់ផ្លូវក្រោមដីរបស់ក្រុមហាមាសផងដែរ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះតួលេខពលរដ្ឋប៉ាឡេស៊ីនដែលបានស្លាប់បង់ជីវិតបានកើនដល់ជាង ១១,៤០០នាក់ហើយ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន៕

អត្ថបទ៖ ភក្តី
ប្រភព៖ BCC

 

Share This Post: