មនុស្ស ៦នាក់បានបាត់បង់ជីវិត និង ២នាក់កំពុងបាត់ខ្លួនដោយសារគ្រោះរញ្ជួយនៅហ្វីលីពីន
- BY
- Pheakdey
- November 18, 2023
ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះរញ្ជួយនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកានេះ។ គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនេះបានកើតឡើងនៅតំបន់កោះ Mindanao ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន ខណៈតំបន់មួយនេះក៏ជាទិសដៅទេសចរណ៍ដ៏មានសក្តានុពលមួយផងដែរ។

បើតាមមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាឡឺម៉ង់បានឲ្យដឹងថា គ្រោះរញ្ជួញដីខាងលើនេះបានកើតឡើងនៅក្នុងកម្រិត ៦,៧ រ៉ិចទ័រ និងបានបង្កើតឲ្យមានកម្លាំងរំញ័រក្នុងជម្រៅដីរហូតដល់ ៦០គីឡូម៉ែត្រ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតភ្លាមៗហើយគឺនៅមានមនុស្សចំនួន ២នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ខណៈអាជ្ញាធរហ្វីលីពីនកំពុងដុតដៃដុតជើងស្វែងរកពួកគេនៅតាមក្រោមគំនរបាក់បែក។ ចំពោះទំហំនៃការខូចខាតវិញគឺមានអាគារមួយចំនួនបានដួលរលំ ខណៈអគ្គិសនីសម្រាប់ផ្គត់ផ្គង់ទៅកាន់សហគមន៍មួយចំនួនត្រូវបានកាត់ផ្តាច់ជាបណ្តោះអាសន្ន៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






