អន្តរជាតិ

កម្មករ ៤០នាក់បានជាប់ក្នុងផ្លូវរូងក្រោមដីមួយកន្លែងនៅឥណ្ឌាជិត ១សប្តាហ៍ហើយ ខណៈអាជ្ញាធរនៅតែមិនទាន់អាចចូលទៅជួយសង្គ្រោះពួកគេបាន

BY
Pheakdey
November 18, 2023

ឥណ្ឌា៖ ប្រតិ​បត្តិការណ៍ស្វែងរកក្រុមកម្មករដែលកំពុងជាប់នៅក្នុងផ្លូវរូងក្រោមដីនៅប្រទេសឥណ្ឌាបានអូសបន្លាយអស់រយៈពេលជិតមួយសប្តាហ៍ហើយ ខណៈគេនៅមិនទាន់មើលឃើញពីតម្រុងណាមួយក្នុងការទទួលបានជោគជ័យនៅឡើយទេ។ គួររម្លឹកជូនថា ហេតុការណ៍ដ៏កម្រងនេះបានកើតឡើងនៅការដ្ឋានសាងសង់ផ្លូវរូងក្រោមដីមួយកន្លែងនៅតំបន់ហិម៉ាឡៃយ៉ាឥណ្ឌា (Indian Himalayan Region) និងបានកើតឡើងតាំងតែពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍មុនម្លេះ។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសោរ៍ ទី១៨ ខែវិច្ឆិកានេះបានបញ្ជាក់ថា ផ្លូវរូងក្រោមដីដែលបានបាក់នោះមានប្រវែង ៤,៥គីឡូម៉ែត្រ ហើយរហូតមកទល់នឹងពេលនេះអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌានៅមិនទាន់បញ្ជាក់អំពីមូលហេតុដែលបង្កឲ្យមានការបាក់រលំផ្លូវរូងក្រោមដីមួយខ្សែនេះនៅឡើយទេ ខណៈគេគ្រាន់តែដឹងថាតំបន់កើតហេតុនោះជាតំបន់ដែលងាយទទួលរងនូវបញ្ហាមួយចំនួនដូចជា គ្រោះរញ្ជួយដី បាក់ដី និងទឹកជំនន់ជាដើម។

ប្រភពខាងលើបានបន្តថា នៅក្នុងពេលកើតហេតុគឺមានកម្មករធ្វើការងារវេនយប់ប្រមាណជា ៥០ ទៅ ៦០នាក់កំពុងស្ថិតនៅក្នុងការដ្ឋាន ហើយគិតត្រឹមពេលនេះគឺនៅមានកម្មករចំនួន ៤០នាក់ដែលកំពុងជាប់នៅក្នុងផ្លូវរូងក្រោមដីមួយខ្សែនោះ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា គិតត្រឹមពេលនេះក្រុមកម្មករទាំង ៤០នាក់នោះនៅមានសុវត្ថិភាពនៅឡើយទេ ប៉ុន្តែពួកគេអាចប្រឈមនឹងគ្រោះដល់អាយុជីវិតប្រសិនបើគេមិនគេមិនអាចចូលទៅជួយពួកគេបាននៅក្នុងរយៈពេល ២-៣ថ្ងៃបន្ទាប់ទៀត៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

 

Share This Post: