ថៃគ្រោងលើកលែងទិដ្ឋការដល់ពលរដ្ឋអឺរ៉ុបរហូតដល់ ៩០ថ្ងៃ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកកំសាន្តក្នុងប្រទេសខ្លួន
- BY
- Pheakdey
- November 19, 2023
ថៃ៖ ប្រទេសថៃបានដាក់ចេញយន្តការសំខាន់ៗជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកកំសាន្តនៅក្នុងប្រទេសខ្លួនរួមមានទាំងការបង្កើតព្រឹត្តិការកំសាន្តបែបវប្បធម៌ កីឡា និងការលើកលែងទិដ្ឋការជាដើម។ នាពេលកន្លងមករដ្ឋាភិបាលថៃធ្លាប់បានសម្រេចលើកលែងទិដ្ឋការសម្រាប់ពលរដ្ឋចិនរួចហើយ ដោយអនុញ្ញាតឲ្យភ្ញៀវទេសចរចិនអាចចូលមកស្នាក់នៅក្នុងប្រទេសថៃបានរហូតដល់ ៩០ថ្ងៃឯណោះដោយមិនចាំបាច់ធ្វើការស្នើសុំទិដ្ឋការនោះទេ។
បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកានេះបានឲ្យដឹងថា យន្តការលើកលែងទិដ្ឋការរយៈពេល ៩០ថ្ងៃនេះក៏រដ្ឋាភិបាលថៃកំពុងពិចារណាអនុវត្តចំពោះប្រទេសមួយចំនួននៅតំបន់អឺរ៉ុបក្នុងពេលឆាប់ៗនេះផងដែរ ខណៈអាជ្ញាធរថៃនៅមិនទាន់បង្ហាញអំពីចំនួននិងឈ្មោះប្រទេសទាំងនោះឡើយទេ។ ប្រភពខាងលើបានបន្តថា ក្រៅពីអនុវត្តវិធានការលើកលែងទិដ្ឋការហើយ នៅក្នុងឆ្នាំ ២០២៤ខាងមុខនេះអាជ្ញារក៏គ្រោងនឹងរៀបចំព្រឹត្តិការណ៍កំសាន្តបែបវប្បធម៌ និងកីឡាប្រមាណជា ៣,០០០កម្មវិធីផងដែរសម្រាប់ទាក់ទាញក្រុមភ្ញៀវទេសចរនៅជុំវិញពិភពលោក៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post: