អន្តរជាតិ

ក្រុមហ៊ុនចិនមួយកំពុងជ្រើសរើសបុគ្គលិកជំនាញផ្នែកភ្លក់ជើងមាន់ដោយហ៊ានផ្តល់ប្រាក់ឲ្យរហូតដល់ជិត ៣ពាន់ដុល្លារ

BY
Pheakdey
November 23, 2023

ចិន៖ ក្រុមហ៊ុនចិនមួយកន្លែងកំពុងប្រកាសស្វែងរកអ្នកជំនាញផ្នែកភ្លក់ជើងមាន់ដោយហ៊ានផ្តល់ប្រាក់ខែឲ្យរហូតដល់ជិត ៣,០០០ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកានេះ។ ក្រុមហ៊ុនដែលកំពុងជ្រើសរើសបុគ្គលិកដ៏កម្រនេះមានមូលដ្ឋាននៅក្នុងទីក្រុង Hangzhou ខេត្ត Zhejiang  ភាគខាងត្បូងប្រទេសចិន ខណៈដំណឹងជ្រើសរើសបុគ្គលិកជំនាញផ្នែកភ្លក់ជើងមាន់នេះកំំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិន។

នៅក្នុងសេចក្តីប្រកាសជ្រើសរើសបុគ្គលិកជំនាញផ្នែកភ្លក់ជើងមាន់នោះបានបញ្ជាក់ថា ដើម្បីអាចបំពេញតួនាទីដ៏កម្រនេះបានគឺបេក្ខជនម្នាក់ៗត្រូវមានបទពិសោធធ្លាប់ញ៉ាំជើងមាន់និងអាហារប្លែកៗរយៈពេល ៥ឆ្នាំ ខណៈអ្នកដែលមិនចូលចិត្តសាច់មាន់ ជើងមាន់ និងអាហារមានរសជាតិហឹរគឺមិនត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យនោះទេ។ ប្រភពខាងលើបានបន្តថា ខាងក្រុមហ៊ុនមិនបានកំណត់អាយុរបស់បេក្ខជនឡើយ ពោលគឺអាយុប៉ុន្មានក៏អាចដាក់ពាក្យបានដែរ ហើយចំពោះលក្ខខណ្ឌការងារជាក់ស្តែងវិញគឺបេក្ខជនម្នាក់ៗនឹងតម្រូវឲ្យភ្លក់ជើងមាន់គ្រប់រស់ជាតិរបស់ក្រុមហ៊ុន និងតម្រូវឲ្យញ៉ាំជើងមាន់សម្រាប់អាហារពេលព្រឹកនិងអាហារពេលថ្ងៃត្រង់ជារៀងរាល់ថ្ងៃធ្វើការងារ។ សម្រាប់ប្រាក់ខែវិញគឺមិនតិចនោះទេដោយបុគ្គលិកជំនាញផ្នែកភ្លក់ជើងមាន់អាចទទួលបានប្រាក់ខែចន្លោះពី ១៥,០០០-២០,០០០យន់ (២,១១៣-២,៨១៨ដុល្លារ) ឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

Share This Post: