អន្តរជាតិ

ការសិក្សាមួយបង្ហាញថា មានពលរដ្ឋអឺរ៉ុបជិត ៤សែនបានបាត់បង់ជីវិតដោយសារតែបញ្ហាខ្យល់កខ្វក់កាលពីឆ្នាំ ២០២១

BY
Pheakdey
November 25, 2023

បែលហ្សិក៖ ការសិក្សាមួយបានរកឃើញថា កាលពីឆ្នាំ ២០២១កន្លងទៅមានពលរដ្ឋនៅតំបន់អឺរ៉ុបជិត ៤០០,០០០នាក់បានស្លាប់បាត់បង់ជីវិត ខណៈមូលហេតុនៃការស្លាប់នោះគឺបានបង្កឡើងឬជាប់ពាក់ព័ន្ធជាមួយបញ្ហាខ្យល់កខ្វក់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកានេះបានបញ្ជាក់ថា របាយការណ៍ខាងលើនេះត្រូវបានចេញផ្សាយដោយការិយាល័យបរិស្ថានរបស់អង្គការសុខភាពពិភពលោក ដែលមានមូលដ្ឋាននៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។

ប្រភពខាងលើបានបន្តថា បញ្ហាខ្យល់កខ្វក់ដែលជាដើមហេតុចម្បងបង្កឲ្យមានករណីស្លាប់ពលរដ្ឋរាប់សែនខាងលើនេះគឺជាបញ្ហាដែលមានធូលីនៅក្នុងបរិយាកាសលើពីកម្រិត PM2.5 ពោលគឺលើសពីកម្រិតស្តង់ដាសុខភាព។ នៅក្នុងរបាយការណ៍ដដែលនេះបានបញ្ជាក់ទៀតថា បញ្ហាខ្យល់កខ្វក់លើសពីកម្រិត PM2.5 នៅតំបន់អឺរ៉ុប​បានបណ្តាលឲ្យពលរដ្ឋកើតមានបញ្ហាផ្សេងៗគ្នាជាច្រើន ខណៈពលរដ្ឋដែលងាយរងគ្រោះជាងគេបំផុតនោះគឺក្រុមមនុស្សដែលមានកំពុងមានបញ្ហាបេះដូង កំពុងមានជំងឺទឹកនោមផ្អែម និងកំពុងមានបញ្ហាផ្លូវដង្ហើមស្រាប់៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

Share This Post: