លោក គីម ជុងអ៊ុន អញ្ជើញទៅពិនិត្យប្រព័ន្ធ “ផ្កាយរណបចារកម្ម” ដែលកំពុងឃ្លាំមើលតំបន់មានមូលដ្ឋានកងទ័ពអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង
- BY
- Pheakdey
- November 25, 2023
កូរ៉េខាងជើង៖ ប្រមុខដឹកនាំរបស់ប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកានេះបានអញ្ជើញទៅត្រួតពិនិត្យដោយផ្ទាល់ “ផ្កាយរណបចារកម្ម” ដែលជាប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនិងចុងក្រោយបំផុតមួយរបស់ទីក្រុងព្យុងយ៉ាងផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា “ផ្កាយរណបចារកម្ម” ដែលកូរ៉េខាងជើងកំពុងដាក់ឲ្យដំំណើរការនោះ គឺដើម្បីឃ្លាំមើលតំបន់ដែលមានមូលដ្ឋានកងទ័ពអាមេរិកនៅលើទឹកដីរបស់ប្រទេសកូរ៉េខាងត្បូង។

ប្រភពខាងលើបានបន្តថា តំបន់គោលដៅដែលកូរ៉េខាងជើងកំពុងផ្តោតការឃ្លាំមើលនោះរួមមានទីក្រុង Seoul ទីក្រុង Mokpo ទីក្រុង Kunsan ទីក្រុង Pyeongtaek និងតំបន់ Osan ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង។ គួររម្លឹកជូនថា ប្រទេសកូរ៉េខាងជើងបានសាកល្បងបាញ់បង្ហោះ “ផ្កាយរណបចារកម្ម” ជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃអង្គារកន្លងទៅនេះ ខណៈរហូតមកដល់នឹងពេលនេះទាំងកូរ៉េខាងត្បូងនិងអាមេរិកនៅមិនទាន់អាចបញ្ជាក់បានទេថា “ផ្កាយរណបចារកម្ម” របស់កូរ៉េខាងជើងនោះអាចមានប្រសិទ្ធភាពដល់កម្រិតណា៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






