ក្រុមអ្នកនិយមទទួលទានសាច់ឆ្កែគំរាមលែងសត្វឆ្កែ ២លានក្បាលនៅក្បែរការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង
- BY
- Pheakdey
- November 29, 2023
កូរ៉េខាងត្បូង៖ ពលរដ្ឋកូរ៉េខាងត្បូងដែលជាក្រុមអ្នកគាំទ្រនិងនិយមទទួលទានសាច់ឆ្កែគំរាមលែងសត្វឆ្កែចំនួន ២លានក្បាលនៅក្បែរការិយាល័យប្រធានាធិបតី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ២៨ ខែវិច្ឆិកានេះ។ ការគំរាមនេះគឺត្រូវបានធ្វើឡើងដើម្បីសម្តែងនូវការមិនពេញចិត្តនិងប្រឆាំងទៅនឹងវិធានការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលគ្រោងនឹងធ្វើការហាមឃាត់ការទទួលទានសាច់ឆ្កែនៅទូទាំងប្រទេស។

គួរកត់សម្គាល់ថា តាមគម្រោងគឺនៅក្នុងថ្ងៃទី ៣០ ខែវិច្ឆិកាខាងមុខនេះសមាជិករដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងគ្រោងនឹងប្រជុំសម្រេចលើសេចក្តីហាមឃាត់ដ៏ចម្រូងចម្រាសមួយគឺហាមឃាត់ការជួញដូរនិងទទួលទានសាច់ឆ្កែ ខណៈសេចក្តីសម្រេចនេះនឹងត្រូវផ្តើមមានសុពលភាពចាប់ពីដើមឆ្នាំ ២០២៧ តទៅ។ គម្រោងខាងលើនេះគឺត្រូវបានធ្វើឡើងដើម្បីតបតាមការស្នើសុំរបស់ក្រុមគណបក្សប្រឆាំងក៏ដូចជាការទាមទាររបស់ក្រុមអង្គការសង្គមស៊ីវិលជាច្រើន ដែលមាននិន្នាការការពារសិទ្ធរបស់សត្វឆ្កែ។ សូមបញ្ជាក់ជូនថា សាច់ឆ្កែគឺជាអាហារដ៏ពេញនិយមមួយសម្រាប់ពលរដ្ឋកូរ៉េខាងត្បូងមួយចំនួន ខណៈគិតជាមធ្យមមានសត្វឆ្កែចំនួន ៣៨៨,០០០ក្បាលត្រូវបានសម្លាប់ដើម្បីយកធ្វើជាម្ហូបអាហារផ្សេងៗ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






