អន្តរជាតិ

ថៃគ្រោងរៀបចំពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីរយៈពេលពេញមួយខែនៅក្នុងខែមេសា ឆ្នាំ២០២៤

BY
Pheakdey
December 3, 2023

ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃគ្រោងនឹងរៀបចំពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីក្នុងរយៈពេលពេញ ១ខែ នៅក្នុងខែមេសា ឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២ ខែធ្នូ។ គួរកត់សម្គាល់ថា សង្ក្រាន្តឆ្នាំថ្មីរបស់ថៃសម្រាប់ឆ្នាំក្រោយនេះនឹងត្រូវចំថ្ងៃទី១៣ ខែមេសា ខណៈតាមធម្មតាអាជ្ញាធរថៃនឹងរៀបចំឲ្យមានថ្ងៃឈប់សម្រាកផ្លូវការចំនួន ២ថ្ងៃបន្ថែមទៀតគឺថ្ងៃទី ១៤ និង ១៥ នៃខែមេសា។

ប្រភពខាងលើបានបន្តថា តាមគម្រោងគឺនៅក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីឆ្នាំ២០២៤ ខាងមុខនេះអាជ្ញាធរថៃនឹងរៀបកម្មវិធីកំសាន្តសប្បាយដ៏ធំបំផុតមួយគឺ “ពិធីបុណ្យអុំទូកពិភពលោក” (World Water Festival) ខណៈនាពេលកន្លងមកពិធីបុណ្យមួយនេះមិនធ្លាប់ត្រូវបានគេរៀបចំឡើយ។ គួរកត់សម្គាល់ថា គម្រោងរៀបចំពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីក្នុងរយៈពេលដ៏វែងមិនធ្លាប់មានខាងលើនេះគឺជាផ្នែកមួយនៃគម្រោងប្រើប្រាស់ថាមពលទន់ (Soft Power) ដើម្បីបង្កើតសេដ្ឋកិច្ចជាតិ ពោលគឺជាការបង្កើតប្រាក់ចំណូលតាមរយៈការប្រើប្រាស់វប្បធម៌ សិល្បៈ កីឡា​​ ម្ហូបអាហារ និងទេសចរណ៍ជាដើម។ សូមបញ្ជាក់ជូនផងដែរថា ថៃគឺជាទិសដៅទេសចរណ៍ធំលំដាប់ទី ១០ នៅលើពិភពលោក ហើយគេរំពឹងថានៅក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីថៃអាចបង្កើតប្រាក់ចំណូលបានប្រមាណជា ៣៥ពាន់លានបាត (ជាង ១ពាន់លានដុល្លារ)៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: