អន្តរជាតិ

ចិនកំពុងប្រឈមការរាតត្បាតជំងឺផ្លូវដង្ហើមថ្មីមួយប្រភេទ ដែលគេនៅមិនទាន់ស្គាល់ពីមេរោគចម្លងបានច្បាស់នៅឡើយ

BY
Pheakdey
December 3, 2023

ចិន៖ អាជ្ញាធរសុខាភិបាលចិនកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺផ្លូវដង្ហើមថ្មីមួយភេទ ដែលគេនៅមិនទាន់អាចកំណត់អត្តសញ្ញាណនៃមេរោគនោះឲ្យច្បាស់លាស់នៅឡើយទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែធ្នូនេះ។ អ្វីដែលគេបានដឹងអំពីជំងឺផ្លូវដង្ហើមថ្មីនោះគឺវាបានបង្កឲ្យអ្នកជំងឺកើតមានអាការៈមួយចំនួនក្នុងពេលដំណាលគ្នាដូចជា ជំងឺរលាកសួត ផ្តាសាយ និងមានបញ្ហាប្រព័ន្ធដង្ហើមប្រភេទ RSV (Respiratory Syncytial Virus)។ 

បើតាមលោក Mi Feng ដែលជាអ្នកនាំពាក្យឲ្យគណៈកម្មការសុខភាពជាតិចិនបានបញ្ជាក់ថា ជំងឺផ្លូវដង្ហើមនេះបានកំពុងតែកើតមាននៅតាមតំបន់ជាច្រើនទូទាំងប្រទេសចិន ហើយជំងឺនេះបានផ្តើមបង្កការរាតត្បាតក្រោយពេលដែលអាជ្ញាធរបានសម្រេចលុបចោលវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩នៅទូទាំងប្រទេស។​ អ្នកនាំពាក្យរូបនេះបានបន្តថា ពលរដ្ឋដែលជាក្រុមងាយរងគ្រោះពីជំងឺផ្លូវដង្ហើមថ្មីនេះគឺមាន ៣ក្រុម ដូចជាកុមារ ក្មេងជំទង់ និងមនុស្សដែលមានវ័យចាស់ជរា ខណៈគិតត្រឹមពេលនេះអាជ្ញាធរចិនកំពុងព្យាយាមចាក់វ៉ាក់សាំងការពារឲ្យក្រុមមនុស្សងាយរងគ្រោះទាំងអស់នេះមុនគេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: