ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនកម្ទេចទុរេននិងម្ទេសវៀតណាមជាង ៥តោនក្រោយរកឃើញមានផ្ទុកសារធាតុគីមីច្រើនលើសកម្រិត

    BY Pheakdey December 5, 2023
    ជប៉ុនកម្ទេចទុរេននិងម្ទេសវៀតណាមជាង ៥តោនក្រោយរកឃើញមានផ្ទុកសារធាតុគីមីច្រើនលើសកម្រិត

    ជប៉ុន៖ អាជ្ញាធរជប៉ុនបានកម្ទេចផ្លែទុរេននិងម្ទេសទម្ងន់សរុបជាង ៥តោនដែលបាននាំចូលពីប្រទេសវៀតណាមក្រោយរកឃើញថា ផលិតផលកសិកម្មទាំងអស់នេះមានផ្ទុកនូវសារធាតុគីមីច្រើនលើសកម្រិត​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express។ ទំនិញកសិកម្មទាំងអស់នេះត្រូវបាននាំចូលទៅកាន់ប្រទេសជប៉ុនតាមរយៈការដឹកជញ្ជូនចំនួនពីរជើងដាច់ដោយឡែកពីគ្នាដោយជើងទីមួយគឺជាផ្លែទុរេនមានទម្ងន់សរុបចំនួន ១,៤តោន ខណៈទំនិញជើងទីពីរគឺជាម្ទេសដែលមានទម្ងន់សរុបចំនួន ៤តោន។

    ប្រភពខាងលើបានបន្តថា ក្រោយការត្រួតពិនិត្យគឺអាជ្ញាធរជប៉ុនបានរកឃើញថា នៅក្នុងផ្លែទុរេនមានផ្ទុកនូវសារធាតុគីមីក្នុងកម្រិត ​០,០៣ PPM of Procymidone ខណៈកម្រិតស្តង់ដារអនុញ្ញាតដោយអាជ្ញាធរសុខាភិបាលជប៉ុនគឺត្រឹមតែ ០,០១ PPM of Procymidone ប៉ុណ្ណោះ។ ដោយឡែកសម្រាប់ម្ទេសវិញគឺមានផ្ទុកសារនូវធាតុធាតុគីមីក្នុងកម្រិត ​០,០២ PPM of Tricyclazole និងកម្រិត ០,០៣ PPM of Hexaconazole ខណៈកម្រិតស្តង់ដារនៃសារធាតុទាំងនេះនៅក្នុងប្រទេសជប៉ុនគឺ ០,០១ PPM ។ គួរបញ្ជាក់ជូនថា ជប៉ុនគឺជាទីផ្សារនាំចូលផលិតកសិកម្មរបស់វៀតណាមធំបំផុតលំដាប់ទី ៣ ដោយគិតត្រឹម ១០ខែដំបូងក្នុងឆ្នាំ ២០២៣នេះជប៉ុនបាននាំចូលបន្លែនិងផ្លែឈើរបស់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណជា ១៥០លានដុល្លារ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ VN Express

    Share This Post: