អាជ្ញាធរថៃបង្គាប់ឲ្យផ្សារម៉ាក្រូបកស្រាយអំពីការចោទប្រកាន់ថាបានទិញសាច់ជ្រូកបង្កកខុសច្បាប់
- BY
- Pheakdey
- December 6, 2023
ថៃ៖ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) នៅក្នុងប្រទេសថៃបានបង្គាប់ឲ្យផ្សារទំនើបម៉ាក្រូចូលមកបកស្រាយជុំវិញករណីដែលផ្សារបាននាំចូលសាច់ជ្រូកពីក្រុមហ៊ុន Wealthy & Healthy Foods Co Ltd. នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅក្នុងថ្ងៃចន្ទ ទី៥ ខែធ្នូនេះ។ សេចក្តីបង្គាប់នេះត្រូវបានធ្វើឡើងក្រោយម្ចាស់ក្រុមហ៊ុន Wealthy & Healthy Foods Co Ltd. ត្រូវបានចាប់ខ្លួនជុំវិញករណីចែកចាយសាច់ជ្រូកបង្កកខុសច្បាប់កាលពីពេលថ្មីៗនេះ។

ប្រភពខាងលើបានបញ្ជាក់ថា ឱសានុវាទនៃការចូលខ្លួនមកធ្វើការបកស្រាយនេះគឺមានរយៈពេល ១ខែ ដោយគិតចាប់តាំងពីថ្ងៃទី ៤ ខែធ្នូនេះតទៅ។ សូមបញ្ជាក់ជូនថា មុនពេលចេញសេចក្តីបង្គាប់ខាងលើនេះមួយថ្ងៃ លោក Wirat អាយុ ៦៩ឆ្នាំ ដែលជាអគ្គនាយកក្រុមហ៊ុន Wealthy & Healthy Foods Co Ltd. រួមជាមួយនិងកូនប្រុសរបស់គាត់ម្នាក់ទៀតឈ្មោះ Thanakrit អាយុ ៤២ឆ្នាំ ត្រូវបានអាជ្ញាធរថៃសម្រេចឃាត់ខ្លួនជាបន្ទាន់នៅឯព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិក្រោយមានការសង្ស័យថា ក្រុមហ៊ុនខាងលើនេះបានធ្វើការចែកចាយសាច់ជ្រូកបង្កកគ្មានគុណភាពក្នុងបរិមាណយ៉ាងច្រើនកាលពីឆ្នាំ ២០២១ និងដើមឆ្នាំ២០២៣នេះ ខណៈផ្សារទំនើបម៉ាក្រូតែងធ្វើការអះអាងថា ខ្លួនតែងនាំចូលសាច់ជ្រូកស្រស់ពីក្រុមហ៊ុនខាងលើនេះមកលក់បន្តជាប្រចាំ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Nation Thailand
- Share This Post:






