អន្តរជាតិ

កូរ៉េខាងត្បូងប្តេជ្ញាក្លាយខ្លួនជា “ប្រទេសមហាអំណាចទេសចរណ៍នៅអាស៊ី”

BY
Pheakdey
December 9, 2023

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនឹងដាក់ចេញយន្តការជាច្រើនដើម្បីធ្វើឲ្យកូរ៉េខាងត្បូងក្លាយជា “ប្រទេសមហាអំណាចទេសចរណ៍មួយនៅអាស៊ី” នេះបើយោងតាមការឲ្យដឹងពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍របស់ប្រទេសមួយនេះ ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៩ ខែធ្នូ។ ការប្តេជ្ញានេះត្រូវបានធ្វើឡើងដោយសំដៅទៅលើការទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅជុំវិញពិភពលោកឲ្យធ្វើដំណើមកកំសាន្តនៅតាមតំបន់ទេសចរណ៍សំខាន់ៗជាច្រើននៅទូទាំងកូរ៉េខាងត្បូង។

បើតាមលោក Jang Mi-ran ដែលជារដ្ឋលេខាធិការក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានបញ្ជាក់ឲ្យដឹងថា បន្ថែមពីលើកន្លែងទេសចរណ៍ដែលកំពុងមានស្រាប់នៅក្នុងប្រទេស​​ អាជ្ញាធរក៏គ្រោងនឹងបង្កើតកន្លែងទេចរណ៍សិប្បនិម្មិតជាច្រើនកន្លែងបន្ថែមទៀត ហើយអាជ្ញាធរនឹងព្យាយាមបង្កើតកម្មវិធីជួបជុំកំសាន្តឲ្យបានច្រើនដើម្បីជាផ្នែកមួយជួយជំរុញឲ្យមានសកម្មភាពទេសចរណ៍។ រដ្ឋលេខាធិការរូបនេះបានបន្តថា នៅដើមឆ្នាំ ២០២៤នេះ អាជ្ញាធរកូរ៉េខាងត្បូងនឹងដាក់ឲ្យប្រើប្រាស់កម្មវិធីស្វែករកចំណតរថយន្តភ្លើង រថយន្តក្រុង សេវាកម្មសាធារណៈ  និងកម្មវិធីសំខាន់ៗមួយចំនួនទៀតជាភាសាអង់គ្លេស ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមអ្នកទេសចរបរទេសក្នុងការធ្វើដំណើក្នុងប្រទេសកូរ៉េខាងត្បូង។ បន្ថែមពីនេះទៀតអាជ្ញាធរគ្រោងនឹងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនដូចជា ពិធីបុណ្យអាហារ សម្រស់ និងវប្បធម៌កូរ៉េ ការប្រគុំតន្រ្តី K-pop កម្មវិធីកីឡា និងការតាំងពិព័រណ៍ជាដើម ដើម្បីទាក់ទាញភ្ញៀវទេចរអន្តរជាតិឲ្យបានប្រមាណជា ២០លាននាក់នៅក្នុងឆ្នាំ ២០២៤ខាងមុខនេះ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: