ឧស្សាហកម្មអាកាសចរណ៍ពិភពលោកចេញសេចក្តីព្រមានអំពីសុវត្ថិភាពផ្លូវចុះឡើងរបស់យន្តហោះ ក្រោយមានករណីយន្តហោះបុកគ្នានៅជប៉ុន
បារាំង៖ ឧស្សាហកម្មអាកាសចរណ៍ពិភពលោកបានចេញសេចក្តីព្រមានថ្មីមួយជុំវិញបញ្ហាសុវត្ថិភាពចំពោះផ្លូវចុះឡើងរបស់យន្តហោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៣ ខែមករានេះ។ ការព្រមាននេះត្រូវបានធ្វើឡើងក្នុងគោលបំណងដាស់តឿននិងណែនាំឲ្យក្រុមអ្នកជំនាញផ្នែកអាកាសចរណ៍ទាំងអស់ត្រូវពិនិត្យឲ្យបានជាប់ជាប្រចាំនូវប្រព័ន្ធសុវត្ថិភាពពេលយន្តហោះត្រូវចុះចតឬត្រូវចេញដំណើរ ដើម្បីបញ្ចៀសបញ្ហាអកុសលដូចដែលបានកើតឡើងនៅក្នុងប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ។

គួរម្លឹកជូនថា កាលពីល្ងាចថ្ងៃទី២ ខែមករាកន្លងទៅនេះមានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Airbus 350 របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines ដែលត្រូវចុះចតនៅអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូបានប៉ះទង្គិចគ្នាជាមួយយន្តហោះមួយគ្រឿងរបស់ឆ្មាំសមុទ្រជប៉ុនដែលត្រូវចេញដំណើរយ៉ាងប្រញ៉ាប់ដើម្បីទៅជួយពលរដ្ឋរងគ្រោះដោយគ្រោះរញ្ជួយដី។ ឧបទ្ទវហេតុនេះបានបណ្តាលឲ្យយន្តហោះ Airbus 350 ដែលមានផ្ទុកអ្នកដំណើរសរុបចំនួន ៣៧៩នាក់ត្រូវឆាបឆេះយ៉ាងខ្លាំង ប៉ុន្តែអ្នកដំណើរនៅលើយន្តហោះមួយគ្រឿងនេះទាំងអស់បាននាំគ្នារត់ចេញពីយន្តហោះបានទាន់ពេលវេលាទើបគ្មានអ្នកណាម្នាក់ត្រូវរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ដោយឡែកសម្រាប់យន្តហោះខ្នាតតូចរបស់ឆ្មាំសមុទ្រជប៉ុនវិញក៏បានរងនូវការខូចខាតយ៉ាងខ្លាំងដែរ និងបានធ្វើឲ្យមនុស្សចំនួន ៥នាក់ក្នុងចំណោមមនុស្សសរុបចំនួន ៦នាក់នៅក្នុងយន្តហោះនោះត្រូវស្លាប់បាត់បង់ជីវិត៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia