ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើក្រសួងមហាផ្ទៃ ពិនិត្យលទ្ធភាពតែងតាំងស្ដ្រី ជាអភិបាលរង រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយផ្ដល់ឱកាសបម្រើការងារនៅមូលដ្ឋានដែលនៅជិតក្រុមគ្រួសាររបស់ពួកគាត់

    BY Liny Chan January 12, 2024
    សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើក្រសួងមហាផ្ទៃ ពិនិត្យលទ្ធភាពតែងតាំងស្ដ្រី ជាអភិបាលរង រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយផ្ដល់ឱកាសបម្រើការងារនៅមូលដ្ឋានដែលនៅជិតក្រុមគ្រួសាររបស់ពួកគាត់

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើក្រសួងមហាផ្ទៃ ពិនិត្យលទ្ធភាព ក្នុងការរៀបចំតែងតាំង ស្ដ្រីជាអភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយផ្ដល់ឱកាសបម្រើការងារនៅមូលដ្ឋាន ដែលនៅជិតក្រុមគ្រួសាររបស់ពួកគាត់។

    នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងកិច្ចការនារី និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តកម្មវិធី និង វិធានការនានា ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និង ក្មេងស្រីនៅគ្រប់កម្រិត និង គ្រប់វិស័យ ដើម្បីធានាថាប្រជាជនគ្រប់រូប, ទាំងស្ត្រី និងបុរសមានសិទ្ធិ និងឱកាសពេញលេញ ក្នុងការទទួលបានជម្រើស និង ភាពជាតំណាង ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិ ប្រកបដោយបរិយាប័ន្ន និងចីរភាព។

    សម្តេចធិបតី គូសបញ្ជាក់ថា «ដើម្បីរក្សាភាពសុខដុមរមនានៅក្នុងក្រុមគ្រួសារ និង ប្រសិទ្ធភាពការងារ ខ្ញុំស្នើឱ្យក្រសួងមហាផ្ទៃពិនិត្យលទ្ធភាព ក្នុងការរៀបចំតែងតាំង ស្ដ្រីជាអភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយផ្ដល់ឱកាស បម្រើការងារនៅមូលដ្ឋានដែលនៅជិតក្រុមគ្រួសាររបស់គាត់»។

    សម្ដេចធិបតី ក៏បានស្នើឱ្យក្រសួងកិច្ចការនារី បន្តដឹកនាំសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័ន និង ដៃគូពាក់ព័ន្ធ ក្នុងការ បញ្ចូលនូវអាទិភាពទាំងនេះទៅក្នុងដំណើរការអភិវឌ្ឍ និង គោលនយោបាយជាតិស្ដីពីសមភាពយេនឌ័រ, ផែនការយុទ្ធសាស្រ្តនារីរតនៈ និងក្របខណ្ឌគោលនយោបាយ និងកម្មវិធីតាមវិស័យស្របតាមរបៀបវារៈរបស់រាជរដ្ឋាភិបាល ដែលចាត់ទុកការលើកកម្ពស់សមភាពេយនឌ័រ ជាអភិក្រមអាទិភាពស្នួល និងអន្តរវិស័យ៕

    Share This Post: