ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យនាយឧត្តមសេនីយ៍ ស ថេត ពិនិត្យមើល និងពង្រឹងឡើងវិញ នូវការត្រួតពិនិត្យជាតិអាល់កុល ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយរយៈក្រោយនេះគឺដោយសារតែគ្រឿងស្រវឹង

    BY Liny Chan January 23, 2024
    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យនាយឧត្តមសេនីយ៍ ស ថេត ពិនិត្យមើល និងពង្រឹងឡើងវិញ នូវការត្រួតពិនិត្យជាតិអាល់កុល ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយរយៈក្រោយនេះគឺដោយសារតែគ្រឿងស្រវឹង

    នារសៀលថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែ​មករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជា​អធិបតី​ក្នុង​ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង​ព័ត៌មាន។

    ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានណែនាំឲ្យនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យ និងពង្រឹងឡើងវិញ នូវការត្រួតពិនិត្យជាតិអាល់កុល ខណៈបញ្ហាចរាចរណ៍ដែលបានកើតឡើងយ៉ាងរន្ធត់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺដោយសារតែគ្រឿងស្រវឹងនេះ។

    សម្ដេចធិបតី បានមានប្រសាសន៍ថា៖ «ខ្ញុំសូមឱ្យឯកឧត្តម ស ថេត ឱ្យពិនិត្យមើល និងពង្រឹងឡើងវិញ នូវការត្រួតពិនិត្យជាតិអាល់កុល ព្រោះនេះបង្កើតនូវសោកនាដកម្មណាស់ ឧទាហរណ៍រឿងថ្ងៃមុននេះ យើងមើលទៅដឹងហើយ អត់មានពីណាចង់ទេ សូម្បីតែអ្នកបើកក៏មិនចង់ដែរ តែមានជាតិអាកុលនៅក្នុងខ្លួន អ៉ឺចឹងត្រូវធ្វើម៉េចទប់រឿងហ្នឹងឱ្យជាប់ កុំឱ្យវាចូលខ្លួន ហើយទៅបើកបរដោយមិនប្រយ័ត្នប្រយែង។ ពង្រឹងច្បាប់ ពង្រឹងការត្រួតពិនិត្យ ហើយមហាជនក៏ត្រូវចូលរួមដូចគ្នា។ ជាការសង្វេក សមាជិកម្នាក់ដែលបាត់បង់ដោយសារបែបនេះ (គ្រោះថ្នាក់ចរាចរណ៍បង្កដោយអ្នកបើកបរដែលស្រវឹង) គឺ……ថ្ងៃមុនកីឡាករមួយទៅ ដែលមានអនាគតខ្ពស់ ឥឡូវយើង Calculate (ទូទាត់) អត់ចេញទេ ថាតើ​លទ្ធភាពយ៉ាងម៉េច? បាត់ម្នាក់ហ្នឹងគេមិនអាច Calculate (ទូទាត់) នៅក្នុងសំណងស្អីទេ គឺការដោះស្រាយ សម្របសម្រួលគ្នា ហើយការប្រឈមមុខច្បាប់ ប៉ុន្តែជីវិតមនុស្ស…..ហើយ ៤នាក់ថ្ងៃមុន សុទ្ធតែអ្នកខំប្រឹងរៀន សុទ្ធតែអ្នកគ្រួសារក្រីក្រ អនាគតនៅវែងឆ្ងាយ យើងសង្វេកណាស់ ហើយគ្រោះថ្នាក់ធំរបស់យើងឥឡូវ គឺរឿងគ្រោះថ្នាក់ចរាចរណ៍ហ្នឹងឯង »៕

    អត្ថបទ៖ លីនី

    Share This Post: