ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសេដ្ឋកិច្ច សម្ពោធជាផ្លូវការ «មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)» ដើម្បីចូលរួមដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្មជំនាញនៅកម្ពុជា

    BY Naren January 30, 2024
    ក្រសួងសេដ្ឋកិច្ច សម្ពោធជាផ្លូវការ «មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)» ដើម្បីចូលរួមដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្មជំនាញនៅកម្ពុជា

    (ភ្នំពេញ ៣០ មករា) ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៤ បានសម្ពោធជាផ្លូវការ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ក្រោមប្រធានបទ៖ “អភិវឌ្ឍជំនាញ, អភិវឌ្ឍអាជីវកម្ម, អភិវឌ្ឍខ្លួនយើងទាំងអស់គ្នា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម, លោកជំទាវ, អ្នកឧកញ៉ា, លោកឧកញ៉ា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៏, វិស័យឯកជន, និងគ្រឹះស្ថានបណ្តុះបណ្តាល។

    កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ប្រកាសជាផ្លូវការអំពីការប្រែក្លាយគម្រោងសាកល្បងយន្តការគ្រប់គ្រងមូលនិធិអភិវឌ្ឍន៍ជំនាញទៅជាស្ថាប័នអចិន្រ្តៃយ៍ (Trust Fund) និងការបង្ហាញពីសមិទ្ធផល និងកម្មវិធីថ្មីៗរបស់មូលនិធិអភិវឌ្ឍន៍ជំនាញក្នុងគោលដៅពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន ព្រមទាំងការចុះអនុស្សរណៈយោគយល់គ្នាជាមួយដៃគូយុទ្ធសាស្រ្ត និងកម្មវិធីប្រគល់ពានរង្វាន់ដល់ដៃគូដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍជំនាញ។

    មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ត្រូវបានផ្តួចផ្តើម និងបង្កើតឡើងដំបូង ជាគម្រោងសាកល្បង ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែមីនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើតេស្ដសាកល្បង យន្ដការថ្មី និងមានលក្ខណៈនវានុវត្តន៍ ដើម្បីកៀរគរ, គ្រប់គ្រង និងបែងចែកធនធាន ក្នុងគោលដៅពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន និងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ។ ហើយគម្រោង មូលនិធិអភិវឌ្ឍន៍ជំនាញ ក៏ចូលរួមដោះស្រាយបញ្ហាកង្វះខាតកម្លាំងពលកម្មជំនាញនៅកម្ពុជា តាមរយៈការផ្តល់សហហិរញ្ញប្បទាន ដែលមានលក្ខណៈនវានុវត្តន៍ដល់គម្រោងបណ្តុះបណ្តាល ដែល ត្រូវនឹងតម្រូវការឧស្សាហកម្ម (Demand-driven Skills Development) ដោយឈរលើគោលការណ៍ ប្រកួតប្រជែងទាំងគុណភាព និងថ្លៃបណ្តុះបណ្តាល។

    ជាលទ្ធផលក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២៣ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានគាំទ្រថវិកាលើ “កម្មវិធីបណ្ដុះបណ្ដាលជំនាញ រួមគ្នា (Joint-Training Program), កម្មវិធីឆ្លើយតបជំងឺកូវីដ-១៩ (Covid-19 Response Program) និង កម្មវិធីជាមួយសាលា (Program with School)” ដែលមានថ្លៃបណ្តុះបណ្តាល ៨.៣ លានដុល្លារ សហរដ្ឋអាម៉េរិក (ឬ ៤៨% នៃថ្លៃបណ្តុះបណ្តាលសរុប ១៧.២ លានដុល្លារ សហរដ្ឋអាម៉េរិក) ។ ក្នុងនោះមានគម្រោងចំនួន ១២១ និង សិក្ខាកាមចំនួន ១៦,០៧៥នាក់ (ស្រ្ដី = ៣៥%) ដោយបានសហការជាមួយដៃគូចំនួន ៣៥៧ ស្ថាប័ន ក្នុងនោះរួមមាន៖ រោងចក្រ-សហគ្រាសចំនួន ២៩៧, គ្រឹះស្ថានបណ្តុះបណ្តាលចំនួន ៤៤ និង សមាគមធុរកិច្ចចំនួន ១៦ ។

    ហើយនៅក្នុងឆ្នាំ២០២៤, SDF នឹងមានកម្មវិធីបណ្តុះបណ្តាលថ្មីៗបន្ថែមចំនួន ២ គឺកម្មវិធីផ្គូផ្គងជំនាញ (Skills Matching Program) និងថ្នាលនៃភាពជាដៃគូ (Partnership Platform) ដើម្បីពង្រីកបរិមាណ និងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលជំនាញឱ្យស្របទៅនឹងតម្រូវការរបស់វិស័យឯកជន ព្រមទាំងរៀបចំថ្នាលបច្ចេកវិទ្យាថ្មីដែលនឹងបង្កើនប្រសិទ្ធភាព ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងតួអង្គសំខាន់ៗ ក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ ។

    បន្ថែមពីនេះ ពិធីចុះអនុស្សរណៈយោគយល់គ្នាចំនួនបី ត្រូវបានរៀបចំឡើង ដែលក្នុងនោះរួមមាន ជាមួយសភាពាណិជ្ជកម្មកម្ពុជា (CCC), សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) និង ជាមួយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) នៃក្រសួង ទេសចរណ៍ និង SwissContact និងប្រគល់ពានរង្វាន់ដល់ដៃគូដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍជំនាញ។

    ជាមួយគ្នានេះផងដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ អនុសាសន៍ណែនាំដល់ក្រសួងស្ថាប័ន, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញ ក្នុងការ ចូលរួម និងសហការឱ្យអស់ពីលទ្ធភាព ដើម្បីជាកម្លាំងចលកររួមដ៏ធំមួយ ដើម្បីសម្រេចបានការអភិវឌ្ឍមូលធនមនុស្សកម្ពុជាប្រកប ដោយចំណេះ, ជំនាញ, សមត្ថភាព, ឥរិយាបថ, និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាម “យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១” ក្រោម ការដឹកនាំដ៏ឈ្លៀសវៃ និង ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ ទន្ទឹមនឹងនេះ, ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា បានមានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន រោងចក្រ-សហគ្រាស និងគ្រឹះស្ថានបណ្តុះ-បណ្តាលទាំងអស់បន្តរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញ ដែលត្រូវនឹងតម្រូវការជាក់ស្តែង ដើម្បីដាក់ស្នើមកកាន់ SDF” ។

    ជាលទ្ធផល កម្មវិធីសម្ពោធជាផ្លូវការមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានអន្តរសកម្ម រវាង វាគ្មិន និងអ្នកចូលរួមក្នុងកិច្ចពិភាក្សា និងកម្មវិធីប្រគល់ពានរង្វាន់ដល់ដៃគូរបស់ SDF ។ SDF ប្តេជ្ញា និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចូលរួមគាំទ្របន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកវិសាលភាពការងារអភិវឌ្ឍន៍ជំនាញ ក្នុងគោលដៅចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និង២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា៕

    រូបភាព៖ មូលនិធិអភិវឌ្ឍន៍ជំនាញ Skills Development Fund

    Share This Post: