ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទទីតាំងក្លឹបបាញ់កាំភ្លើងឯកជននៅខេត្តព្រះសីហនុ ខណៈទីតាំងកងទ័ពដែលមានទីលានបាញ់ក៏មិនត្រូវអនុញ្ញាតធ្វើអាជីវកម្មបាញ់កាំភ្លើងឯកជននោះដែរ

    BY Liny Chan January 31, 2024
    សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទទីតាំងក្លឹបបាញ់កាំភ្លើងឯកជននៅខេត្តព្រះសីហនុ ខណៈទីតាំងកងទ័ពដែលមានទីលានបាញ់ក៏មិនត្រូវអនុញ្ញាតធ្វើអាជីវកម្មបាញ់កាំភ្លើងឯកជននោះដែរ

    នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” នៅក្នុងខេត្តព្រះសីហនុ។

    ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាឱ្យបិទទីតាំងក្លឹបបាញ់កាំភ្លើងឯកជន ពីរកន្លែងនៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ។ ចំណែកទីតាំងកងទ័ព ដែលមានទីលានបាញ់កាំភ្លើង ក៏មិនត្រូវអនុញ្ញាតធ្វើអាជីវកម្មបាញ់កាំភ្លើងឯកជននោះទេ។

    សម្ដេចធិបតី បានមានប្រសាសន៍ថា៖ « ខ្ញុំបានបញ្ជាក់ជាមួយឯកឧត្តមអភិបាលខេត្ត ឥឡូវនៅនេះមានកន្លែងបាញ់កាំភ្លើងស៊ីវិលប៉ុន្មាន…..ចំនួន ២ អាចបើកឱ្យស៊ីវិលចូលបាន ឥឡូវខ្ញុំថា មិនចាំបាច់ទេ ទេសចរមកខេត្តព្រះសីហនុ មិនចាំបាច់រៀនបាញ់កាំភ្លើងទេ ដើរមើលកោះល្អជាង។ អ៉ីចឹង សុំឱ្យបិទតែម្ដង ហើយមិនឱ្យបើកថ្មីទេ។ អារឿងបាញ់កាំភ្លើងក្លឹបឯកជនមិនបាច់ទេ អ្នកខេត្តព្រះសីហនុ មិនបាច់បាញ់កាំភ្លើងទេ ។ ក្លឹបឯកជន ព្រោះតែបើក ត្រូវមានសិទ្ធិទិញកាំភ្លើង ទិញគ្រាប់ហើយ ហើយយកទៅណា និងយកមកពីណា អ៉ីចឹងមិនបាច់តែម្ដងទៅ មកខេត្តព្រះសីហនុ ដើរលេងកោះទៅ កុំបាញ់កាំភ្លើង។ ទប់កន្លែងហ្នឹងតែម្ដង ហើយទីតាំងកងទ័ពរបស់យើងដែលមានទីលានបាញ់ គឺមិនបាច់ឱ្យបើកអាជីវកម្មឱ្យស៊ីវិលទៅបាញ់ទេ ទុកឱ្យទាហានបាញ់ទៅល្អជាង។ មានមួយនៅរាម ទុកប្រើ ឱ្យកងទ័ពហ្វឹកហ្វឺន ប៉ូលីសហ្វឹកហ្វឺន អាវុធហត្ថហ្វឹកហ្វឺនចុះ មិនបាច់ធ្វើអាជីវកម្មឯកជនទេ។ អ៉ីចឹងគឺសុំឱ្យបិទទៅលើនេះ»។

    សម្ដេចធិបតី ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា កាលពីម្សិលមិញ (៣០ មករា ២០២៤) សម្ដេចធិបតី បានសម្រេចឱ្យរៀបចំចេញអនុក្រឹត្យមួយឱ្យបញ្ឈប់ការបើកថ្មីចំពោះទីកន្លែងបាញ់កាំភ្លើងឯកជន ឬបាញ់ស៊ីបនេះ៕

    អត្ថបទ៖ លីនី

    Share This Post: