PR

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ធ្វើការបរិច្ចាគឈាម ដើម្បីអបអរទិវានៃក្តីស្រលាញ់

BY
Liny Chan
February 14, 2024

នាព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្នាក់ការកណ្តាលនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានរៀបចំពិធីបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ក្តីស្រលាញ់ ផ្តល់ឈាម” ដើម្បអបអរសាទរទិវានៃក្តីស្រលាញ់។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស តែងតែរៀបចំកម្មវិធីបរិច្ចាគឈាម ដោយមានការស្ម័គ្រចិត្តពីបុគ្គលិកហនុមាន និងបុគ្គលិក ហនុមាន រៀលអ៊ីស្ទេត ប្រមាណ ១០០នាក់។

យុទ្ធនាការ “ផ្តល់ក្តីស្រលាញ់ ផ្តល់ឈាម” គឺបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមធ្វើការចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាមអោយបានច្រើនឡើងៗ ជាពិសេសតាមរយៈសារអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធីបតី ហ៊ុន ម៉ាណែត អោយចូលរួមបរិច្ចាគឈាម៖ “ការបរិច្ចាគឈាម គឺជាការចែករំលែក ផ្នែកមនុស្សធម៌ ដើម្បីសង្រ្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រលាញ់ ហើយកាដូមួយនេះ គឺបានហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា” ។

ការស្ម័គ្រចិត្តធ្វើការបរិច្ចាគឈាម គឺជាការបរិច្ចាគដែលចេញពីបេះដូងយ៉ាងពិតប្រាកដ ព្រោះឈាម ពិតជាមានតម្លៃខ្លាំង នឹងមិនមានរោងចក្រណាអាចផលិតឈាមបានឡើយ នឹងមិនមានការទិញលក់ឈាមឆ្លងប្រទេសបានផងដែរ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រី ប្រាក់ មុន្នីសុភាព ប្រធានផ្នែកកិច្ចការសាជីវកម្ម នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានមានប្រសាសន៍ និងសារអំពាវនាវ៖ “តាងនាមឲ្យក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស យើងខ្ញុំគឺបានគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងកិច្ចការងារជួយសង្គម ជាពិសេស គឺការចូលរួមជួយសង្រ្គោះដល់អ្នកដែលត្រូវការជំនួយចាំបាច់ពីយើងទាំងអស់គ្នា នោះគឺការស្ម័គ្រចិត្តបរិច្ចាគឈាម ព្រោះថា “ឈាម” មិនអាចធ្វើការផលិតបានដោយអ្នកវិទ្យាសាស្រ្តណាមួយឡើយ ហើយក៏មិនអាចធ្វើការជួញដូរឬនាំចូលទេ ដូច្នេះការស្ម័គ្រចិត្តផ្តល់ឈាម គឺពិតជាសំខាន់ណាស់ សម្រាប់ការជួយសង្រ្គោះដល់អ្នកជំងឺ និងអ្នករងគ្រោះផ្សេងៗ ដែលចាំបាច់ត្រូវការឈាមដើម្បីបន្តជីវិត។ ការបរិច្ចាគឈាម គឺជាការធ្វើបុណ្យ យ៉ាងពិតប្រាកដចេញពីបេះដូងយើងផ្ទាល់តែម្តង ដូច្នេះសូមអំពាវនាវដល់បងប្អូន សូមធ្វើការស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់គ្នាអោយបានច្រើន ព្រោះថាបច្ចុប្បន្ននេះ មានត្រឹមតែ ៦.២% នៃប្រជាជនសរុប១៨លាននាក់ ដែលបានធ្វើការស្ម័គ្រចិត្តបរិច្ចាគឈាម (តួលេខ ទទួលបានពីខាង មជ្ឈមណ្ឌលជាតិផ្តល់ឈាម) ។ ដូច្នេះគឺយើងនៅខ្វះឈាមច្រើនណាស់ដើម្បីសង្គ្រោះជីវិត។”

ចំណែក លោកវេជ្ជបណ្ឌិត សុខ បូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា៖ “ក្នុងនាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល មន្ដ្រីរាជការ បុគ្គលិក ទាំងអស់ ខ្ញុំបាទសូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដនិងមិនគិតកម្រៃ រួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស។ ធនាគាឈាមរបស់យើង គឺត្រូវការឈាមជាច្រើន ដើម្បីធ្វើការផ្តល់ជូនទៅអ្នកត្រូវការឈាមដើម្បីសង្រ្គោះជីវិតអ្នកជំងឺ។ ខ្ញុំបាទសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ សូមធ្វើការស្ម័គ្រចិត្តផ្តល់ឈាម ។ ការចូលរួមជួយគ្នាក្នុងសង្គម គឺជាកាតព្វកិច្ចរបស់ពលរដ្ឋល្អ ដែលចង់ឃើញសង្គមជាតិមួយមានសុជីវធម៌ល្អ គុណធម៌ល្អ និងវប្បធម៌ល្អ នេះជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងទិសស្លោក៖ “យុវជន យុវនារី ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ” “ខ្មែរជួយខ្មែរ” “ខ្មែរធ្វើបាន” ដែលជាភាសាបេះដូងមួយសម្រាប់យុវជនកម្ពុជាយើង។ សូមកុំរង់ចាំដល់វេលាមួយ នៅពេលដែលយើងចង់ជួយគ្នា បែរជាហួសពេល” តាមរយៈប្រសាសន៍ដ៏មានអត្ថន័យ នឹងសារអំពាវនាវដ៏មានខ្លឹមសារខាងលើ សរបញ្ជាក់អោយឃើញពីការគិតគូរយកចិត្តទុកដាក់របស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្នុងកិច្ចការជួយសង្គម និងការទទួលខុសត្រូវក្នុងសង្គមខ្ពស់ ក្នុងយុទ្ធនាការ “ផ្តល់ក្តីស្រលាញ់ ផ្តល់ឈាម” នេះ។

ជាចុងបញ្ចប់នៃកម្មវិធី លោកស្រី តំណាងក្រុមហ៊ុន បានពាំនាំយកសេចក្តីថ្លែងអំណរគុណរបស់ លោកជំទាវ ខៀវ សស៊ីលៀប អគ្គនាយិកា និង ស្ថាបនិក ក្រុមហ៊ុនហនុមាន ប៊េវីរីជីស ជូនចំពោះ សមាជិកគ្រួសារហនុមាន ទាំងអស់ ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាម និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ជាពិសេសលោកវេជ្ជបណ្ឌិតប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានសម្របសម្រួលក្នុងកម្មវិធីផ្តល់ឈាម និងសូមធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាជនដែលមិនទាន់បានធ្វើការស្ម័គ្រចិត្តផ្តល់ឈាម សូមចូលរួមស្ម័គ្រចិត្តផ្តល់ឈាមទាំងអស់គ្នា និងកុំមានភាពភ័យខ្លាច ហើយក៏សូមលើកទឹកចិត្ត ដល់អ្នកដែលធ្លាប់បានធ្វើការបរិច្ចាគឈាមពីមុនមក សូមបន្តធ្វើការបរិច្ចាគឈាមបន្ថែមទៀត ដើម្បីបង្កើននូវការផ្គត់ផ្គង់ឈាមជាបន្ទាន់សម្រាប់ការព្យាបាលឲ្យកាន់តែមានប្រសិទ្ធភាព។

ក្រៅពីកិច្ចចូលរួមបរិច្ចាគឈាម កាលពីថ្មីៗនេះផងដែរ យើងក៏បានឃើញក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានធ្វើការសម្ពោធដាក់អោយអនុវត្ត និងផ្សព្វផ្សាយអំពីយុទ្ធនាការ “ស្រវឹង សូមកុំបើកបរ-Drink Smart, Don’t Drive!” ដែលសកម្មភាពទាំងអស់នេះ គឺជាការគិតគូរបានយ៉ាងល្អិតល្អន់ នឹងយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាពយើងទាំងអស់គ្នា។

 
 
 
 
 

Share This Post: