សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេចធិបតី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ហើយក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេចធិបតី។

នៅក្នុងវីដេអូសារសំឡេងពិសេសស ដែលបានចេញនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចធិបតី បានមានប្រសាសន៍ថា៖ «ឯកឧត្តមលោកជំទាវ អភិបាល គណៈអភិបាល រាជធានី-ខេត្ត ប៉ុន្មាន បី សប្ដាហ៍មុន ខ្ញុំបានចេញបទបញ្ជាឱ្យផ្អាករាល់ការចេញអាជ្ញាបណ្ណ ឬ ការផ្ដល់សិទ្ធិក្នុងការបើកទីតាំងល្បែងផ្សងសំណាងបន្ថែមនៅតាមមូលដ្ឋាន ពេលជាមួយគ្នានោះខ្ញុំបានឱ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចំណុះឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដឹកនាំប្រជុំជាបន្ទាន់ ជាមួយសមត្ថកិច្ច អាជ្ញាធរ និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញ នូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងនានា នៅទូទាំងប្រទេសខ្មែរយើងនេះ ។ ខ្ញុំសូមឱ្យឯកឧត្តម លោក ជំទាវ អភិបាល គណៈអភិបាល រាជធានី-ខេត្ត ចាត់វិធានការ ជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននៃដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីបើមានបន្តបើកថ្មីថែមទៀត សូមចាត់វិធានការបិទជាបន្ទាន់ហើយរាយការណ៍ត្រង់មកខ្ញុំ ដើម្បីចាត់វិធានការដែលអាចឈានទៅដល់ ការដកអាជ្ញាបណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង »។
សម្ដេចធិបតី បានគុសបញ្ជាក់ថា៖ «ពេលវេលានេះ និងបន្តទៅមុខគឺជាពេលវេលា ដែលត្រូវចូលរួមទាំងអស់គ្នា អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការកសាង និងពង្រាយសមិទ្ធផលវិជ្ជមានដូចជា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្លូវខ្នល់ ភ្លើង ប្រឡាយទឹក ពង្រាយមន្រ្តីកសិកម្មទៅតាមមូលដ្ឋាន បង្កើតរោងចក្រ សហគ្រាស នៅតាមមូលដ្ឋាន ដើម្បីជួយបង្កើតការងារ និងបង្កើនចំណូលជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន មិនមែនជាពេលវេលាដែលត្រូវយកចិត្តទុកដាក់នៅក្នុងការពង្រាយទីតាំងល្បែងនោះទេ ទោះបីជាមានច្បា់អនុញ្ញាតក៏ដោយ ។ សូមឯកឧត្តម លោកជំទាវ អនុវត្ត កិច្ចការងារនេះឱ្យបានម៉ឺងម៉ាត់ហ្មត់ចត់ និងត្រឹមត្រូវតាមបទបញ្ជារបស់ខ្ញុំ យើងត្រូវការវិន័យក្នុងការដឹកនាំរដ្ឋ ហើយត្រូវធ្វើការឱ្យបានលឿន ហើយរាយការណ៍ឱ្យខ្ញុំជាបន្ទាន់ទៅលើកិច្ចការងារនេះ»៕
អត្ថបទ៖ លីនី