សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិឱ្យតែរកឃើញប្រើប្រាស់ និងពាក់ព័ន្ធសារធាតុខុសច្បាប់ ត្រូវបណ្ដេញចេញពីក្របខណ្ឌ អត់ទុកទេ»
នារៀសលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩»។

នាឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានគូសបញ្ជាក់ថា មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិឱ្យតែរកឃើញប្រើប្រាស់ និងពាក់ព័ន្ធគ្រឿងញៀន ត្រូវបណ្ដេញចេញពីក្របខណ្ឌ អត់ទុកទេ។
សម្ដេចធិបតី បានមានប្រសាសន៍ថា៖ « អំបាញ់មិញ ខ្ញុំទើបស៊ីញ៉េបទបញ្ជាជាមួយរដ្ឋាភិបាល គឺពន្លាតនូវការអនុវត្តនេះ ទូទាំងរដ្ឋាភិបាលតែម្ដង បានន័យថា មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិឱ្យតែរកឃើញប្រើប្រាស់ និងពាក់ព័ន្ធគ្រឿងញៀន ត្រូវបណ្ដេញចេញពីក្របខណ្ឌ អត់ទុកទេ។ កុំឱ្យថាហេតុអ្វីអនុវត្តតែលើប៉ូលីស ហើយទាហ៊ាន ចុះមន្រ្តីស៊ីវិល គឺដូចតែគ្នាទេ។ ដើម្បីពង្រឹងវិន័យ ការឯកភាព ការអនុវត្ត មន្រ្តីរាជការ ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងស៊ីវិល គឺត្រូវមានក្របខណ្ឌវិន័យ ក្របខណ្ឌសីលធម៌ និងការទទួលខុសត្រូវជាប្រជាពលរដ្ឋធម្មតា យើងជាគំរូគេ អ៉ីចឹង ដើម្បី ទៅអនុវត្ត យើងត្រូវចាប់ផ្ដើមអនុវត្តសម្អាតផ្ទះយើងតែម្ដង នេះគឺគោលនយោបាយ គឺថាអត់មានការអនុគ្រោះនៅក្នុងជួររដ្ឋាភិបាលទៀតទេ នៅក្នុងការប្រើប្រាស់គ្រឿងញៀន »៕

អត្ថបទ៖ លីនី