ពិតជានិស្ស័យមែន! ស្រីម្នាក់ថតរូបជាប់បុរសម្នាក់កាលពីនៅក្មេង ស្រាប់ជាង១០ឆ្នាំក្រោយមកពួកគេបានជួបគ្នាដោយចៃដន្យ ហើយបានរៀបការជាមួយគ្នាតែម្តង
ចិន៖ តើអ្នកជឿលើរឿងនិស្ស័យដែរឬទេ? ពេលខ្លះនិស្ស័យ ដែលក្រិតក្រមធម្មជាតិបានបង្កើតមកនោះពិតជាបានរុញច្រានឲ្យមនុស្សពីរនាក់បានស្គាល់គ្នា និងបានរៀបការជាមួយគ្នាប្រាកដមែន។ ជាក់ស្តែងដូចជាគូស្នេហ៍ជនជាតិចិនមួយគូនេះអីចឹង គឺពួកគេបានដើរលេង និងថតរូបជាមួយគ្នាដោយចៃដន្យកាលពីពួកគេនៅក្មេង ហើយស្រាប់តែជាង១០ឆ្នាំ ក្រោយមកមនុស្សដែលមិនធ្លាប់ស្គាល់គ្នាទាល់តែសោះនេះត្រូវបានគេណែនាំឲ្យស្គាល់គ្នា និងរៀបការជាមួយគ្នា។
រឿងរ៉ាវចៃដន្យនេះបានកើតឡើងនៅក្នុងខេត្ត Sichuan ប្រទេសចិន។ បុរសជាប្តីមានឈ្មោះថា Ye និងប្រពន្ធរបស់គាត់មានឈ្មោះ Xue ហើយកាលពីអំឡុងឆ្នាំ ២០០០ ពោលគឺតាំងពីពួកគេនៅក្មេងម្លះ ពួកគេបានទៅកំសាន្តនៅរមណីយដ្ឋាន May Fourth Square ជាមួយគ្នា ហើយពេលនោះស្ត្រីជាប្រពន្ធបានថតរូបសន្លឹក ដោយថតជាប់ទាំងបុរសជាប្តីម្នាក់នោះនៅពីក្រោយផងដែរ។
ពេលមើលរូបថតខ្លួនឯងម្តងៗ ស្រីជាប្រពន្ធតែងគិតថា នាងហាក់មាននិស្ស័យជាមួយបុរសនៅក្នុងរូបនោះណាស់។ នៅក្នុងឆ្នាំ ២០១១ ពួកគេត្រូវបានគេណែនាំឲ្យស្គាល់គ្នា បានស្រលាញ់គ្នា និងរៀបការជាមួយគ្នា រហូតមកទល់នឹងពេលនេះពួកគេមានកូនពីរនាក់ហើយ។ ស្រាប់តែពេលថ្មីនេះពួកគេបានយករូបថតចាស់ៗរបស់ពួកគេមកមើល ទើបរកឃើញភាពចៃដន្យដូចខាងលើនេះ ដែលភាពចៃដន្យនេះត្រូវបានគេជឿថាវាជារឿងនិស្សិយ៕

ភក្តី
ប្រភព៖ channelnewsasia