សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បងប្អូនកម្មករ សង់ព្រលានយន្តហោះតេជោ មិនថាក្នុងផ្នែកណាក៏ដោយ ត្រូវមានមោទកភាព ព្រោះយើងបានចូលរួមកសាងសមិទ្ធផលប្រវត្តិសាស្ត្រដែលផ្ដល់ផលដល់ពលរដ្ឋនៅទូទាំងប្រទេស និងរាប់សិបឆ្នាំទៅមុខទៀត
នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជាអធិបតីក្នុងពិធី “សំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១”។

នៅក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យើងត្រូវតែមានមោទកភាព សូម្បីតែកម្មករ ដែលកំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ក៏ត្រូវតែមានមោទកភាពចំពោះការសាងសង់ព្រលាននេះដែរ ដោយសារបានចូលរួមកសាងសមិទ្ធផលប្រវត្តិសាស្ត្រដ៏សំខាន់នេះ។ ផលពីព្រលាននេះ នឹងបានដល់ពលរដ្ឋនៅទូទាំងប្រទេស និងរាប់សិបឆ្នាំទៅមុខទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ខ្ញុំសូមយកឱកាសនេះ ដើម្បីធ្វើការអរគុណណាស់ចំពោះការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ក្នុងការកសាងសមទ្ធិផលជាប្រវត្តិសាស្រ្តមួយនេះ ដោយរួមគ្នាធ្វើទាំងអស់គ្នា នេះគឺជាអ្វីដែលជាមោទកភាពរបស់យើង។ បងប្អូន មិនថាយើងជាកម្មករត្រឹមផ្នែកណាមួយនៃការសាងសង់ព្រលានយន្តហោះនេះក៏ដោយ សុំយើងមានមោទកភាព ថាយើងបានចូលរួមនៅក្នុងការកសាងសមិទ្ធផល ប្រវត្តិសាស្រ្តនេះ ដែលនៅក្នុងប្រទេសរបស់យើងនឹងបម្រើ និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជនយើងច្រើន ការវិនិយោគនៅកន្លែងនេះ ប៉ុន្តែផលបាននៅទូទាំងប្រទេស និងរាប់សិបតទៅមុខទៀត »៕












អត្ថបទ ៖ លីនី