ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ដោយសារការដុតសំរាម បង្កជាអគ្គិភ័យ ឆាប់ឆេះផ្ទះអ្នករត់ម៉ូតូកង់បីចំនួន ២ខ្នងអស់ទាំងស្រុង នៅលើផ្លូវរថភ្លើង សង្កាត់ភ្នំពេញថ្មី

BY
Liny Chan
March 13, 2024

រាជធានីភ្នំពេញ​៖ កាលពីនៅវេលាម៉ោង​ ០១និង២០នាទីយប់ ថ្ងៃពុធ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងបានកើតឡើងនៅចំណុច ផ្លូវរថភ្លើង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពាក់ព័ន្ធទៅនឹងករណីអគ្គិភ័យ ខាងលើ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ បានបញ្ជាក់លម្អិតថា ដោយសារតែការដុតសំរាម បានបង្កជាអគ្គិភ័យ ឆាប់ឆេះផ្ទះឈើ​ស័ង្កសី​ចំនួន ០២ខ្នង ទំហំ ០៨ម៉ែត្រx១៥ម៉ែត្រ អស់ទាំងស្រុង។ ក្នុងនោះម្ចាស់ផ្ទះទី១ មានឈ្មោះថា អ៊ុក ចាន់ថន ភេទ ប្រុស អាយុ ៥៤​ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី និងម្ចាស់ផ្ទះមួយខ្នងទៀតមានឈ្មោះថា ជុំ ញៀនពិសិដ្ឋ ភេទ​ ប្រុស អាយុ​ ៤១​ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ រត់ម៉ូតូកង់បី ដូចគ្នា។

ជាមួយគ្នានេះ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ ក៏បានបញ្ជាក់ផងដែរថា ហេតុការណ៍ឆាបឆេះ ខាងលើ គឹមិនបណ្ដាលឱ្យមានមនុស្ស រងរបួស ឬ បាត់បង់ជីវិតឡើយ ខណៈកងកម្លាំង​របស់​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ បាន​ប្រេី​ប្រាស់​រថយន្តអគ្គិភ័យ​ចំនួន ១៥​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៥​ រថយន្ត​ ស្មើនឹង ៩០ម៉ែត្រគូប ក្នុងនោះ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ០១​ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ ស្មើនឹង ០៦ម៉ែត្រគូប និង រថយន្ត​អគ្គិភ័យ​ក្រុមហ៊ុន​ OCIC ចំនួន​ ០៣​ គ្រឿង​ ប្រើប្រាសទឹកអស់​ ០៣​ រថយន្ត​ ស្មើនឹង​ ១៨​ម៉ែត្រគូប ធ្វើការពន្លត់ចប់​នៅវេលាម៉ោង ០២នឹង៣០នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល៕

អត្ថបទ៖ លីនី
ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

Share This Post: