PR

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការទីតាំងប្រគល់រថយន្ត ហ្វដ លំដាប់អន្តរជាតិ

BY
Liny Chan
March 16, 2024

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតង” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងលោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន អ អិម អេ ជាក្រុមហ៊ុនដែលមានចំណែកទីផ្សាររថយន្តថ្មីធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លេខ១ អស់រយៈពេល៥ឆ្នាំជាប់ៗគ្នា គិតចាប់ពីឆ្នាំ ២០១៩ មកដល់ពេលបច្ចុប្បន្ន។ កត្តាដែលធ្វើអោយយើងទទួលបានចំណែកទីផ្សារលេខ១នេះ មិនមែនដោយសារតែការលក់រថយន្តថ្មី តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែគឺដោយសារគុណភាពនៃសេវាកម្មដែលផ្តល់ជូនទៅកាន់អតិថិជន ដូចជាមជ្ឈមណ្ឌលផ្តល់សេវាកម្មថែទាំ និងជួសជុលរថយន្តគ្រប់ខេត្តក្រុង សេវាជំនួយជួសជុលចល័តដល់កន្លែង ២៤ម៉ោង ទទួលបានអត្ថប្រយោជន៍ និងព័ត៌មានផ្សេងៗពីកម្មវិធី Ford Cambodia Mobile App ចំណេញពេលវេលា និងថវិការក្នុងការប្តូរប្រេងម៉ាស៊ីន (រៀងរាល់ 10,000km ម្តង) មាន‍ឱកាសចូលរួមដំណើរកម្សាន្តគ្រួសារ ហ្វដ ជារៀងរាល់ឆ្នាំ និងសេវាកម្មទទួលយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មីជាដើម។ លើសពីនេះទៅទៀត យើងក៏មានបង្កើតនូវការិយាល័យទំនាក់ទំនងអតិថិជន (Call Center) ដែលមានតួនាទីផ្តល់ប្រឹក្សាយោបល់អំពីចម្ងល់ផ្សេងៗទៅកាន់អតិថិជន មិនអោយលើសពី ១៥នាទី។”

លោក ងន សាំង ក៏បានមានប្រសាសន៍បន្ថែមទៀតថា៖ “ទីតាំងប្រគល់រថយន្ត ហ្វដ នេះ គឺជាមជ្ឈមណ្ឌលប្រគល់រថយន្តធំជាងគេ និងដំបូងគេបង្អស់ក្នុងទីផ្សារប្រទេសកម្ពុជាយើង នៅពេលដែលអតិថិជនចូលមកក្នុងទីតាំងប្រគល់រថយន្តនេះ នោះអតិថិជននឹងមានអារម្មណ៍ហាក់ដូចជា កន្លែងតាំងបង្ហាញរថយន្ត ឬការិយាល័យ ឬក៏ជាហាងកាហ្វេដ៏ធំមួយ ដែលមានកន្លែងអង្គុយបំពាក់នូវគ្រឿងបរិក្ខារទំនើបៗ ផ្តល់នូវផាសុកភាព និងភាពងាយស្រួលដល់អតិថិជនដែលមកទទួលយករថយន្តនៅទីនេះ ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី និងសេវាកម្មប្រកបដោយទំនុកចិត្ត ពីក្រុមហ៊ុន អ អិម អេ និងក្រុមហ៊ុន ហ្វដ។”

លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ការសម្ពោធជាផ្លូវការនូវទីតាំងប្រគល់រថយន្ត ហ្វដ នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា តាមរយៈការបង្តើតនូវស្តង់ដារគុណនៃការប្រគល់រថយន្តលំដាប់អន្តរជាតិដំបូងគេបំផុតសម្រាប់ទីផ្សារប្រទេសកម្ពុជា។ យើងចង់ឱ្យអតិថិជនរបស់យើងមានអារម្មណ៍ថាកក់ក្តៅ និងមានទំនុកចិត្តលើរថយន្តរបស់ពួកគាត់ ជាពិសេសទទួលបានការណែនាំ និងការពន្យល់អំពីរបៀបប្រើប្រាស់មុខងាររថយន្ត បច្ចេកវិទ្យា ក៏ដូចជាប្រព័ន្ធសុវត្ថិភាពផ្សេងៗនៅក្នុងរថយន្តថ្មីរបស់ពួកគាត់ មុនពេលពួកគាត់បើកបររថយន្តនៅលើដងផ្លូវ។”

គួរបញ្ជាក់ផងដែរថា ទីតាំងប្រគល់រថយន្តថ្មីនេះ លាតសន្ធឹងលើផ្ទៃដីទំហំ ៦,៥៧៥ ម៉ែត្រការ៉េ ដែលមានទីតាំងប្រគល់រថយន្តធំ ស្តង់ដារអន្តរជាតិ ចំនួន ១២កន្លែង ដែលមានសមត្ថភាពអាចប្រគល់រថយន្តបានចំនួនច្រើនគ្រឿងក្នុងពេលតែមួយ។ ទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតងនេះ គឺមានអាស័យដ្ឋានស្ថិតនៅតាមបណ្តោយវិថីឧកញ៉ាម៉ុងរិទ្ធី (ក្បែរផ្សារបឹងបៃតង) ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានផ្នែកលក់ សូមទំនាក់ទំនងតាមលេខទួរស័ព្ទ 099 999 747 និងសម្រាប់ផ្នែកសេវាកម្ម សូមទំនាក់ទំនង 078 992 992។

Share This Post: