សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ថវិកាក្នុងមួយឆ្នាំ ២០០លានរៀល រយៈពេល ៤ឆ្នាំ ជូនមូលនិធិជនពិការសម្តេចតេជោ សម្រាប់ទ្រទ្រង់មជ្ឈមណ្ឌលនៃជនពិការតេជោសែន
នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីសម្ពោធជាផ្លូវការ “មជ្ឈមណ្ឌលជាតិនៃជនពិការ តេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា” ។ នាឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់ថវិកា ២០០លានរៀលក្នុងមួយឆ្នាំដំបូង និងបន្តផ្តល់រយៈពេល ៣ឆ្នាំទៀត សរុប ៨០០លានរៀល ជូនមូលនិធិជនពិការសម្តេចតេជោ សម្រាប់ទ្រទ្រង់មជ្ឈមណ្ឌលនៃជនពិការតេជោសែន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ចំពោះសំណើសុំរៀបចំបង្កើតជាមូលនិធិកីឡា ជនពិការ តេជោសែន កិច្ចការងារនេះ ខ្ញុំបានឆ្លង ហើយក៏បានឯកភាព សុំបង្កើតតែម្ដង ដើម្បីកៀរគរ ប្រភពថវិកា ហើយក្នុងនោះយើងមានមូលនិធិជនពិការ ហ៊ុនសែន ដែលបង្កើតឆ្នាំ៩៧ ហើយនៅសល់ថវិកាខ្លះនៅក្នុងនោះ ខ្ញុំបានឆ្លងទៅសម្ដេចតេជោ ព្រោះកាលនោះមិនទាន់មានឈ្មោះសម្ដេចតេជោទេ ឥឡូវសុំឱ្យផ្ទេរមូលនិធិនេះចូលទៅក្នុងកញ្ចប់នេះតែម្ដង ហើយសម្រាប់មូលនិធិនេះ សុំឱ្យរៀបចំលក្ខខណ្ឌតិកៈឱ្យបានត្រឹមត្រូវ ដើម្បីធានាប្រសិទ្ធភាព ក្នុងការគ្រប់គ្រងក៏ដូចជាការបង្កើតការទុកចិត្ត ក៏ដូចជាការចូលរួមគាំទ្រ ដល់មូលនិធិនេះ។ នៅក្រោយពេលបង្កើតនេះ ខ្ញុំសូមបោះមេ ខ្ញុំសូមចូលរួម ២០០លានរៀលតែម្ដងនៅក្នុងមូលនិធិនេះ ហើយនឹងបន្តមួយឆ្នាំ ២០០លានរៀលនៅក្នុង ៣ឆ្នាំបន្តទៀត សរុបគឺ ៤ឆ្នាំដំបូង គឺក្នុងមួយឆ្នាំ ២០០លានរៀលតែម្ដង ហើយក្រោយពីនោះយើងពិនិត្យ និងជួយបន្តបន្ថែមទៀត តាមជាក់ស្ដែង ហើយក៏សុំអំពាវនាវឱ្យឯកឧត្តម អ្នកឱកញ៉ា លោក លោកស្រី ដៃគូសប្បុរសជនទាំអស់ និងដៃគូមកពីកូរ៉េ លោកបានជួយក៏សូមអរគុណ និងសូមបន្តជួយទៀត ព្រោះដើម្បីជួយនៅក្នុងការដំណើរការរបស់មជ្ឈមណ្ឌលនៅក្នុងការផ្ដល់អត្ថប្រយោជន៍ និងគណៈកម្មការប៉ារ៉ាហ្គេមដល់បងប្អូនរបស់យើងបានតិច ឬ បានច្រើនជួយគ្នាដើម្បីយើងរួមគ្នាធ្វើ៕










អត្ថបទ៖ លីនី