ព័ត៌មានជាតិ

អ្នកព្រៃវែងដឹងតែសប្បាយ ខណៈឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្នើក្រុមការងាររៀបចំសង្ក្រាន្ត និងព្រឹត្តិការណ៍កំសាន្តបន្ថែមទៀតតាមបណ្ដាស្រុកក្នុងខេត្តព្រៃវែង បន្ថែមលើសង្ក្រាន្តខ្នាតធំនៅទីរួមខេត្ត

BY
Liny Chan
March 23, 2024

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ស្នើក្រុមការងាររៀបចំសង្ក្រាន្តនិងព្រឹត្តិការណ៍កំសាន្តបន្ថែមទៀតតាមបណ្ដាស្រុកក្នុងខេត្តព្រៃវែង បន្ថែមលើសង្ក្រាន្តខ្នាតធំនៅទីរួមខេត្ត។

ពីវេទិកាអធិបតី នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី នៅសាលាបឋមសិក្សាត្នោត ស្ថិតក្នុងភូមិត្នោត ឃុំត្នោត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកទឹកចិត្តក្រុមការងារចុះមូលដ្ឋាន រដ្ឋបាលស្រុក និងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំស្រុកនីមួយៗ សហការរៀបចំសង្ក្រាន្ត និងកម្មវីធីកំសាន្តផ្សេងៗទៀតឱ្យបានអធិកអធម។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ការរៀបចំកម្មវិធីសង្ក្រាន្ត និងព្រឹត្តិការណ៍កំសាន្តសប្បាយតាមបណ្ដាស្រុកនានា គឺដើម្បីផ្ដល់បរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ រួមទាំងយុវជន និងយុវត្តី ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាភូមិ ឃុំ និងស្រុកមានភូមិសាស្រ្តឆ្ងាយពីទីរួមខេត្តព្រៃវែង ដែលអាចនឹងជួបការលំបាកក្នុងការធ្វើដំណើរទៅកំសាន្តនៅទីរួមខេត្ត និងម្យ៉ាងទៀតក៏ដើម្បីរួមចំណែកកាត់បន្ថយការធ្វើចរាចរណ៍តាមដងផ្លូវ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលអាចមានការប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍។

ថ្លែងអំពីការរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានរម្លឹកជូនអង្គពិធីអំពីប្រវត្តិដែលកាលពីនៅកាន់តួនាទីជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ឯកឧត្តមក៏ធ្លាប់បានដឹកនាំក្រុមការងារ សហការជាមួយរដ្ឋបាលស្រុក និងភាគីពាក់ព័ន្ធ រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីជាលើកដំបូង នៅក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដោយកាលណោះ មានការចូលរួមកំសាន្តសប្បាយយ៉ាងច្រើនកុះករពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុសស្រី ទាំងអ្នកក្នុងមូលដ្ឋានស្រុក និងអ្នកអញ្ជើញមកពីបណ្ដាស្រុកជុំវិញ។

ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានពិធីសាសនា និងកម្មវិធីកំសាន្តសប្បាយយ៉ាងច្រើនសម្បូរបែប។ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ លោកជំទាវ ញ៉ែម សាខន សខេង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី សសុខា បានចូលរួមជាអធិបតីក្នុងពិធីក្រុងពាលីដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ២០២៤ នៅសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ក្រុងព្រៃវែង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: