ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា មិនចង់ប្រើឈ្មោះសម្តេច លើប្រព័ន្ធសិក្សាគំរូថ្មី ព្រោះមិនចង់ឱ្យមានឈ្មោះច្រើន

BY
Liny Chan
April 3, 2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា សម្តេចមិនចង់ប្រើឈ្មោះសម្តេច លើប្រព័ន្ធសិក្សាគំរូថ្មី ព្រោះមិនចង់ឲ្យមានឈ្មោះច្រើន។ ការបដិសេធនេះបន្ទាប់ពីការដាក់ដំណើរការប្រព័ន្ធអប់រំថ្មី និងទទួលបានលទ្ធផលបន្តិចម្តងៗ កាន់តែខ្លាំងឡើងហើយនោះ ក្រសួងអប់រំ បានបន្តខិតខំបន្តយន្តការរបស់ខ្លួន ក្នុងការពង្រីកវិសាលភាព នៃការអប់រំជំនាន់ថ្មីបន្ថែមទៀត ស្របពេលជាមួយនឹងការពង្រីកបន្ថែម លើយន្តការរបស់ខ្លួននេះ រដ្ឋមន្ត្រីក្រសួងអប់រំ ធ្លាប់បានលើកជាយោបល់ ដាក់ឈ្មោះសម្តេចធិបតី លើប្រព័ន្ធសិក្សាអប់រំគំរូថ្មី ជំនាន់ទី៣ តែត្រូវបានសម្តេចបដិសេធ។ ការលើកឡើងរបស់សម្តេចធិបតីនេះ ក៏ដោយសារតែសម្តេចធិបតី ហ៊ុន ម៉ាណែត យល់ឃើញថា មិនចង់ឱ្យមានឈ្មោះច្រើន ពាក់ព័ន្ធនឹងការអប់រំ ព្រោះសម្តេចថា នឹងផ្ទេរមកជាស្តង់ដារតែមួយនៅថ្ងៃខាងមុខ។

ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២២~២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤ ក្រោមប្រធានបទ “ ឧត្ដមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា ” នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ “គោលដៅរបស់យើង ការអនុវត្ត នេះ ជាគម្រោងគំរូ ពេលដែលបានដើរយ៉ាងណា ឆ្នាំក្រោយយើងនឹងផ្គុំគ្នា ចែកគ្នា ផ្គុំគ្នាទៅជាសាលាគំរូតែមួយរបស់អប់រំទេ ។ ចឹងខ្ញុំសូមបញ្ជាក់ ថាមានពីរគំរូហើយ ឥឡូវបង្កើតគំរូទី៣ មួយទៀត” ។ សម្តេចធិបតី ក៏បានបញ្ជាក់ទៀតថា៖ “ថ្ងៃមុន ឯកឧត្តម ហង់ ជួនណារ៉ុន សួរខ្ញុំថា គួរតែដាក់អីឥឡូវ ដាក់សាលាគំរូ សម្តេចធិបតី មិនបាច់ទេ” ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា កុំបង្កើតឈ្មោះច្រើនពេក យើងសាលាគង់តែថ្ងៃណាមួយ ពេលដែលយើងរករូបមន្តឃើញ យើងចែករំលែក ហើយផ្ទេរទៅឱ្យក្រសួងអប់រំ ដើម្បីទទួលខុសត្រូវ ជាសាលាស្តង់ដារតែមួយនោះទេ ហើយថ្ងៃក្រោយនៅពេលដែលយើងមានលទ្ធភាព គ្រប់គ្រាន់ សាលាយើងទាំងអស់ នឹងចង់ឱ្យក្លាយទៅជាសាលាដែលមានសមត្ថភាព ដូចសាលាជំនាន់ថ្មីទាំងអស់ ហើយនេះគឺជាអ្វីដែលយើងចង់បាន នៅពេលដែលថវិកាយើងដល់ ឱ្យពេញម៉ោង ហើយអាចបំពាក់ឧបករណ៍ច្រើន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា៖ “បើយើងអត់ធ្វើអ្វីទាំងអស់ ១០ឆ្នាំនេះ តែ២លាននាក់នេះ គាត់អត់បានទទួលអ្វីទាំងអស់ ចឹងយើងខិតខំឆ្នៃប្រឌិត រកវិធីដើម្បីធ្វើ នេះហើយគឺជាអ្វី ដែលខ្ញុំសូមបញ្ជាក់នៅទីនេះ”៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: