ព័ត៌មានជាតិ

ស្រលាញ់អង្គរ ចូលរួមថែទាំងអស់គ្នា! អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរ ពិសេសអាជីវករលក់ដូរគ្រប់ប្រភេទ មេត្តាចូលរួមកាត់បន្ថយការប្រើប្រាស់សារធាតុប្លាស្ទិក និងទុកដាក់សំរាមឱ្យបានល្អ

BY
Liny Chan
April 3, 2024

កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានធ្វើការអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ ជាពិសេសអាជីវករលក់ដូរគ្រប់ប្រភេទ មេត្តាចូលរួមកាត់បន្ថយការប្រើប្រាស់រាល់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមនៃការប្រើប្រាស់ ឬលក់ដូរប្រចាំថ្ងៃតាមទីតាំងដែលបានកំណត់ជូនឱ្យបានល្អប្រសើរ។

នៅក្នុងសេចក្ដីអំពាវនាវរបស់អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងប្រារព្ធឡើងចាប់ពីថ្ងៃសៅរ៍ ៥កើត ដល់ថ្ងៃអង្គារ ៨កើត ខែ ចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។ ជាទូទៅ ជារៀងរាល់ឆ្នាំក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាជ្ញាធរជាតិអប្សរាតែងតែសង្កេត ឃើញមានកំណើនខ្ពស់នៃភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅរមណីយដ្ឋានអង្គរ។ ដើម្បីត្រៀមទទួល អំណរឆ្នាំថ្មីប្រពៃណីជាតិដែលកាន់តែខិតចូលមកដល់ អាជ្ញាធរជាតិអប្សរាសូមធ្វើការអំពាវនាវដល់ភ្ញៀវទេសចរ ទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ ជាពិសេសអាជីវករលក់ដូរគ្រប់ប្រភេទ មេត្តា ចូលរួមកាត់បន្ថយការប្រើប្រាស់រាល់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមនៃការប្រើប្រាស់ ឬលក់ដូរ ប្រចាំថ្ងៃតាមទីតាំងដែលបានកំណត់ជូនឱ្យបានល្អប្រសើរ។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់បន្ថែមទៀតថា ជានិច្ចកាល សម្ភារៈប្លាស្ទិកភាគច្រើន គឺប្រើប្រាស់តែម្តង ហើយបានបោះចោល ក្នុងនោះមានដូចជា ថង់ប្លាស្ទិក បំពង់បឺតប្លាស្ទិក កែវប្លាស្ទិក ប្រអប់ស្នោរ ប្លាស្ទិកដាក់អាហារ និងដបប្លាស្ទិកជាដើម។ ប្លាស្ទិក ទាំងនោះ បានបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់អនាម័យ បរិស្ថាន សោភ័ណភាព និងសុខភាព មនុស្ស សត្វ។ មួយវិញទៀត ប្រាសាទទាំងអស់ក្នុងរមណីយដ្ឋានអង្គរ គឺជាទីគោរពសក្ការៈបូជា និងជាសម្បត្តិ បេតិកភណ្ឌពិភពលោកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះការចូលរួមកាត់បន្ថយឬមិនប្រើប្រាស់ប្លាស្ទិក និង ការទុកដាក់សំរាមបានត្រឹមត្រូវ គឺជាការគោរពដល់ភាពជាសក្ការៈរបស់អង្គរ ចូលរួមចំណែកថែរក្សា និងលើកតម្លៃ ដល់សម្បត្តិបេតិកភណ្ឌជាតិ និងបង្ហាញពីការរស់នៅប្រកបដោយភាពថ្លៃថ្នូរនៃសង្គមជាតិយើង៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

Share This Post: