PR

អស្ចារ្យ! ខែក្រោយនេះ ពាណិជ្ជករជាង១,៣០០នាក់ មកពី១៦ប្រទេស នឹងប្រជុំគ្នាក្នុង «ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

BY
Naren
April 9, 2024

(ភ្នំពេញ មេសា ២០២៤)៖ នាល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ នៅអាគារ Diamond Tower មានរៀបចំសន្និសីទសារព័ត៌មានមួយស្តីពី «ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤» (Cambodia International Business Exhibition 2024) ដែលសន្និសីទសារព័ត៌មាននេះប្រព្រឹត្តទៅក្រោមវត្តមាន និងការផ្តល់ជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ ព្រះនាង នរោត្ដម ជេនណា ក្នុងការអញ្ជើញចូលរួមជាគណៈអធិបតី ហើយក្នុងនោះក៏មានលោក JONATHON CHUA ដែលជាអគ្គនាយកពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤, លោក EWAN LIM នាយកគ្រប់គ្រងក្រុមហ៊ុន DIVERSE MEDIA (CAMBODIA) CO., LTD. និងលោក សុខ រង្សី ប្រធាននាយកប្រតិបត្តិ BNI CAMBODIA ដែលជាដៃគូសហការរៀបចំកម្មវិធី លោក MICHAEL VO TROUNG នាយកអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន CANOPY SANDS DEVELOPMENT CO. LTD. ដែលជាអ្នកឧបត្ថម្ភធំបំផុត ក្រុមហ៊ុន KCRI INTERNATIONAL COOPERATION CO., LTD. ក្រុមហ៊ុន CHLL GLOBAL LOGISTIC CO., LTD និងក្រុមហ៊ុន E&M YAMMY ជាដៃគូសហការឧបត្ថម្ភប្រាក់ និងធនាគារ ACELEDA ជាដែគូសហការសំរិទ្ធ ព្រមជាមួយថ្នាក់ដឹកនាំរបស់ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤ ស្ថាបន័សារព័ត៌មាន និងភ្ញៀវកិត្តិយសយ៉ាងច្រើនកោះកុរបានអញ្ជើញចូលរួមផងដែរ។

សន្និសីទព័ត៌មាន ស្តីពី «ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤» ធ្វើឡើងក្នុងគោលបំណងផ្តល់ជាព័ត៌មានដល់បណ្តាម្ចាស់អាជីវកម្មក្នុងប្រទេសកម្ពុជាទាំងអស់អោយបានជ្រាបថានៅថ្ងៃទី១០ដល់ថ្ងៃទី១២ ខែឧសភាខាងមុខនេះ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដឹកនាំម្ចាស់អាជីវកម្មជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក ទាំង១៦ប្រទេសរួមមាន៖ អូស្ត្រាលី កម្ពុជា ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ចិនដីគោក ម៉ាឡេស៊ី ភីលីពីន កាតា សិង្ហបុរី កូរ៉េខាងត្បូង ស្រីលង្កា តៃវ៉ាន់ ថៃ និងវៀតណាមមកកាន់ប្រទេសកម្ពុជាដើម្បីបង្កើតជាវេទិកាសម្រាប់ម្ចាស់អាជីវកម្មសហគ្រិន និងអ្នកម្ចាស់ឧស្សាហកម្មទាំងអស់ អាចធ្វើបណ្តាញទំនាក់ទំនងធ្វើអាជីវកម្មក៏ដូចជាការផ្តល់ឱកាសក្នុងបង្ហាញពីធនធានយ៉ាងសំបូរបែបរបស់ប្រទេសកម្ពុជា ក៏ដូចជាការជំរុញភាពជាដៃគូអន្តរជាតិ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងចំណោមពាណិជ្ជកម្មនានានៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

ដោយផ្តោតលើនវានុវត្តន៍ ការកសាងទំនាក់ទំនង និងការផ្គូផ្គងអាជីវកម្ម ដោយពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា២០២៤ នេះផ្ទាល់ផងដែរ និងមានការចូលរួមពីម្ចាស់អាជីវកម្មជាង ១.៣០០ មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយព្រឹត្តិការណ៍នេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាអាជីវកម្ម ការវិនិយោគ និងការចូលរួមជាសកលរបស់ភ្ញៀវជាតិ និងអន្តរជាតិមកកាន់ប្រទេសកម្ពុជា។

លោក JONATHON CHUA អគ្គនាយកពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤ បានផ្តល់មតិស្វាគមន៍បើកកម្មវិធីថា៖ «ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤ គឺជាឱកាសសម្រាប់ម្ចាស់អាជីវកម្ម សហគ្រិនក្នុងប្រទេសកម្ពុជា និងពិភពលោកអាចរួបរួមគ្នា ដើម្បីចាប់យកឱកាសក្នុងការធ្វើបណ្តាញទំនាក់ទំនង និងចូលរួមក្នុងការផ្គូផ្គងអាជីវកម្ម និងសាងកេរ្ត៍ឈ្មោះដើម្បីការរីកចម្រើន រួមគ្នាដើរឆ្ពោះទៅអនាគតមួយដែលកម្ពុជាជះពន្លឺនៅលើឆាកអន្តរជាតិ»។

ចំណែកលោក EWAN LIM នាយកគ្រប់គ្រងក្រុមហ៊ុន DIVERSE MEDIA (CAMBODIA) CO., LTD. មានប្រសាសន៍ក្នុង សន្និសីទព័ត៌មានពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤ នេះថា៖ «ការរៀបចំពិព័រណ៍ នេះឡើង គឺក្នុងគោលបំណងផ្តល់នូវបទពិសោធន៍ដ៏ទូលំទូលាយតាមរយៈការចូលរួមសកម្មភាពផ្សេងៗមុនពេល កំឡុងពេល និងក្រោមពេល នៃពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤ ដើម្បីបង្កើតនូវបណ្តាញទំនាក់ទំនង ក្នុងឱកាសផ្គូផ្គងអាជីវកម្ម និងចុះធ្វើទស្សនៈកិច្ចលើអាជីវកម្ម និងឧស្សាហកម្មក្នុងស្រុក។ ទាំងនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវការយល់ដឹងជាក់ស្តែងអំពីទិដ្ឋភាពធុរកិច្ចរបស់ប្រទេសកម្ពុជា និងដើម្បីជំរុញទំនាក់ទំនងដ៏មានតម្លៃក្នុងចំណោមអ្នកចូលរួម ម្ចាស់អាជីវកម្ម ក្នុងស្រុក និងអន្តរជាតិ»។

ក្នុងនោះ លោក សុខ រង្សី ប្រធាននាយកប្រតិបត្តិ BNI CAMBODIA មានប្រសាសន៍ក្នុង សន្និសីទព័ត៌មានពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤ ដែលថា៖ «ដោយមានការចូលរួមរៀបចំពី BNI CAMBODIA ដែលមានសមាជិកជាម្ចាស់អាជីវកម្ម និងអ្នកជំនួញសរុបចំនួនជាង 2000+ នាក់ ហើយមានការចូលរួមគាំទ្រពី ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា លោកជឿជាក់ថា កម្ពុជានឹងសម្រេចបាននូវក្តីស្រមៃ ក្នុងការនាំយកកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា ដែលជាចំណែកមួយក្នុងការធ្វើសេដ្ឋកិច្ចប្រទេសកម្ពុជាកាន់តែរីកចម្រើន»។

លោក MICHAEL VO TROUNG នាយកអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន CANOPY SANDS DEVELOPMENT CO. LTD. មានប្រសាសន៍ក្នុង សន្និសីទព័ត៌មានពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤ ថា៖ «ការចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤ ខែឧសភា ១០ដល់១២ នេះ គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកវិនិយោទុន និងបណ្តាលម្ចាស់អាជីវកម្ម និងអ្នកជំនួញដែលចង់ពង្រីក និងទទួលបានបានឱកាសអាជីវកម្ម ការកសាងម៉ាកយីហោ និងការចូលរួមគាំទ្រពី កម្ពុជាដើម្បីសម្រេចបាននូវក្តីស្រមៃក្នុងនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា ដែលជាចំណែកមួយក្នុងការធ្វើសេដ្ឋកិច្ចប្រទេសកម្ពុជាកាន់តែរីកចម្រើន»។

ក្នុងនោះ ព្រះនាង នរោត្ដម ជេនណា មានព្រះបន្ទូលក្នុង សន្និសីទព័ត៌មានពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤ ថា៖ «ទ្រង់ពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាចំណែកមួយនៃព្រឹត្តិការណ៍ដ៏ធំនេះ ដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាជនជាតិខ្មែរ ទ្រង់ពិតជាមានមោទនភាពណាស់ដែលយើងអាចធ្វើជាម្ចាស់ផ្ទះសម្រាប់១៦ប្រទេស។ ទ្រង់ក៏បន្តទៀតដែលថា៖ ខ្ញុំជឿថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជានេះ នឹងផ្តល់ជាប្រយោជន៍សម្រាប់ម្ចាស់អាជីវកម្ម និងស្ថាបន័នានា ដែលមានគោលបំណងបង្ហាញផលិតផល ឬសេវាកម្ម ពង្រីកបណ្តាញទំនាក់ទំនង និងស្វែងយល់ពីភាពជាដៃគូដែលមានសក្តានុពល ឬទទួលបានការយល់ដឹងអំពីបន្ថែមពីទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ការតាំងពិព័រណ៍នេះផងដែរ និងផ្តល់នូវទំនាក់ទំនងបន្ថែមសម្រាប់ ទីផ្សារ និងឱកាសសិក្សា ដែលអាចរួមចំណែកដល់ការរីកលូតលាស់ និងការអភិវឌ្ឍន៍អាជីវកម្មប្រកបដោយស្ថេរភាព»។

សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ទី១២ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះនៅអគារពិព័រណ៍កោះពេជ្រ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖ (855) 97 536 5555 | 77 324 232 ឬហ្វេសប៊ុកផេក Cambodia International Business Exhibition 2024

Share This Post: