PR

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ឱ្យប្រើប្រាស់ សេវាសាធារណៈ តាមប្រព័ន្ធឌីជីថល សម្រាប់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល រហ័ស

BY
Naren
April 10, 2024

(ភ្នំពេញ មេសា ២០២៤)៖ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈ តាមប្រព័ន្ធឌីជីថល សម្រាប់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល រហ័ស និង តម្លាភាព។

ពិធីដាក់អោយប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធអនឡាញ របស់ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ (ដ.ន.ស) ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នឯកជនពាក់ព័ន្ធនានា និងនិស្សិត សរុបជាង១០០០នាក់។

ការបង្កើនគុណភាពសេវាសាធារណៈក្នុងយុគសម័យឌីជីថល គឺផ្អែកលើមូលដ្ឋានទិន្នន័យ និងការធ្វើបរិវត្តកម្មឌីជីថល។ ឈរលើក្របខ័ណ្ឌរួមនេះ ក្រសួងបានកសាងនូវប្រព័ន្ធឌីជីថលសំខាន់ៗ រួមមានដូចជា ការស្នើសុំសេវាសាធារណៈអនឡាញ, ចរន្តការរដ្ឋបាលក្រសួងតាមប្រព័ន្ធអេឡិចត្រូនិក កសាងបណ្ណាល័យឯកសារគតិយុត្តអេឡិចត្រូនិក, ការចុះបញ្ជីដីធ្លីតាមប្រព័ន្ធអេឡិចត្រូនិក។

លើសពីនេះ ក្រសួង ដ.ន.ស. បាននិងកំពុងសហការរៀបចំផ្ទាល់ “មជ្ឈមណ្ឌលប្រជាជន” (People Center) ដែលជាថ្នាលប្រមូលផ្តុំទិន្នន័យគ្រប់ប្រភេទសម្រាប់ផ្តល់សេវាដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស និងជាថ្នាល ដែលអនុញ្ញាតឱ្យក្រសួងស្ថាប័នបញ្ចូលព័ត៌មានគោលក្នុងវិស័យរបស់ខ្លួន ដើម្បីក្លាយជាផែនទីជាតិរួមមួយ សម្រាប់ ប្រើប្រាស់ក្នុងការសិក្សាវិភាគ និងរៀបចំផែនការអភិវឌ្ឍន៍ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ។

ជារួម ការងារផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងទិន្នន័យ ជាអាទិភាពគោលនយោបាយក្រសួង គឺ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលនេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចដំណើរការផ្តល់សេវា សាធារណៈ ដោយធានាបានទាំងគុណភាព វិសាលភាព និងកាត់បន្ថយពេលវេលា។ ការណ៍នេះ នឹងជំរុញឱ្យមាន ការចូលរួមបន្ថែមទៀតពីគ្រប់តួអង្គទាំងអស់រួមមាន ស្ថាប័នសាធារណៈ វិស័យឯកជន ជាពិសេស អ្នកប្រើប្រាស់ សេវាសាធារណៈ ដែលកាន់តែទុកចិត្តមកលើការផ្តល់សេវា ពោលគឺកសាងបានភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល របស់រាជរដ្ឋាភិបាល ស្របតាមទិសដៅអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

អ្នកប្រើប្រាស់ អាចស្នើសុំសេវាទាំងនេះ នៅលើវេបសាយរបស់ក្រសួង ដោយមិនចាំបាច់មកដាក់ពាក្យផ្ទាល់នៅការិយាល័យច្រកចេញ-ចូលតែ១ របស់ក្រសួង ដ.ន. ស. www.mlmupc.gov.kh។ ជាមួយគ្នានេះ អ្នកប្រើប្រាស់ក៏អាចស្នើសុំសេវាទាំងនេះ នៅលើ APP Camdigikey និងថ្នាល CamDX របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ ដែលធានាបាននូវសុវត្ថិភាពនៃការប្រើប្រាស់ និង ភាពលឿនរហ័សនៃការបំពេញទិន្នន័យបុគ្គល និងក្រុមហ៊ុន។

ទន្ទឹមគ្នានេះ ក្រសួងដ.ន.ស. បាននិងកំពុងសហការជាមួយក្រសួងមហាផ្ទៃ លើការរៀបចំសេវាសាធារណៈដែលបានធ្វើប្រតិភូកម្មទៅមន្ទីរ ដ.ន.ស.ស រាជធានី-ខេត្តទាំង២៥ ជាសេវាអនឡាញជាបណ្តើរៗ ក្នុងនោះមន្ទីររាជធានីភ្នំពេញកំពុងរៀបចំបានមួយជំហានរួចហើយ។

ហើយនេះជា ដំណើរការនៃការស្នើសុំសេវាអនឡាញ ក្រសួងដ.ន. ស.
ដំណាក់កាលទី១៖ ម្ចាស់សំណើ បំពេញបែបបទអនឡាញ
ដំណាក់កាលទី២÷ ច្រកចេញចូលតែ១ ត្រួតពិនិត្យទទួលសំណើ
ដំណាក់កាលទី៣៖ បញ្ជូនទៅអគ្គនាយកដ្ឋានជំនាញចុះត្រួតពិនិត្យ
ដំណាក់កាលទី៤÷ បញ្ជូនទៅថ្នាក់ដឹកនាំត្រួតពិនិត្យ និងសម្រេចចុងក្រោយ៕

Share This Post: